(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកសម្លៀកបំពាក់ ប្រដាប់បរិក្ខា អន្តរាគមន៍ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនកងកម្លាំងនគរបាលទាំង៤ក្រុង-ស្រុក និងកម្លាំងកងអន្តរាគមន៍ សំរាប់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងយុទ្ធនាការ ចុះឈ្មោះបោះឆ្នោត ដែលប្រព្រឹត្តពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ សម្ភារទាំងនោះមានសម្លៀកបំពាក់បេសកកម្ម ប៊ីដុងទឹក មួកការពារ ខ្សែក្រវាត់សាំងទារ៉ុង អាវក្រោះ និងមួកបំពាក់កាមេរ៉ាផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាសម្ភារប្រើប្រាស់ទាំងឲ្យបានគង់វង្ស។
លោកស្នងការបានបន្ថែមទៀតថា ការផ្តល់ជូនសម្ភារទាំងនេះ ក៏ដើម្បីថែរក្សាការពារ សន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ជាពិសេសបង្ការបង្ក្រាបទប់ស្កាត់រាល់បទល្មើស៕