(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា គិតមកដល់ពេលនេះ ការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យ ប្រព្រឹត្តទៅជាធម្មតាទេ ហើយប្រជាពលរដ្ឋ ក៏បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ជាបណ្តើរៗនៅតាមការិយាល័យទូទាំងប្រទេស។ លោក ហង្ស ពុទ្ធាថា នៅព្រឹកថ្ងៃដដែលនេះមានខេត្តចំនួន២ ដែលមានបញ្ហាបច្ចេកទេស ក្នុងនោះ មានខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ តែបញ្ហានេះមន្រ្តី គ.ជ.ប និងអ្នកបច្ចេកទេស បានសម្រួលមកវិញជាធម្មតាហើយ។
លោក ហង្ស ពុទ្ធា បានប្រាប់ឲ្យដឹងថា «ជារួមនៅព្រឹកនេះ ប្រជាពលរដ្ឋបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ជាបណ្តើរហើយៗ នៅតាមការិយាល័យទូទាំងប្រទេស មួយការិយាល័យមានប្រជាបលរដ្ឋ យ៉ាងតិច ៣៥នាក់ បើគុណ ១៦៣៣ ការិយាល័យ គឺមានន័យថា ចំនួនប្រជាពលរដ្ឋគឺច្រើនគួរសម។ ចំពោះបញ្ហាវិញ ដូចជា មិនសូវជាកើតមាននោះទេ គឺមានតែ២ខេត្តប៉ុណ្ណោះ គឺខេត្តកណ្តាល និងខេត្តត្បូងឃ្មុំជាបញ្ហា បចេ្ចកទេសតែមន្រ្តី គ.ជ.ប បានដោះស្រាយទាន់ពេលវេលាហើយ គ្មានអ្វីបារម្ភឡើយ»។
នៅព្រឹកថ្ងៃនេះដែរ យើងសង្កេតឃើញថា លោក ស៊ិន ប៊ុនហុក ប្រធាន គ.ជ.ប បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ នៅការិយាល័យបឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។លោក ស៊ិន ប៊ុនហុកថា ថ្ងៃបើកឆាកដំបូងនៃការចុះឈ្មោះបោះឆ្នោត ថ្ងៃដំបូង គឺមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានទៅចុះឈ្មោះ បោះឆ្នោតដោយ សប្បាយរីករាយ និងបានកាន់អត្តសញ្ញាណប័ណ្ណគ្រប់គ្នា។
ចំណែក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា លោកបានទៅចុះឈ្មោះបោះឆ្នោតហើយនៅការិយាល័យ ទួលស្វាយព្រៃ២ ស្ថិតនៅរាជធានីភ្នំពេញ នៅថ្ងៃដំបូងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។ លោក យឹម សុវណ្ណ បានបញ្ជាក់ថា ការចុះឈ្មោះនៅការិយាល័យ របស់លោកគឺដំណើរការ ទៅបានយ៉ាងល្អ គ្រាន់តែ សហការី ប្រើប្រាស់កុំព្យូទ័រ មានភាពយឺតយ៉ាវបន្តិច។
គួរបញ្ជាក់ថា ស្ថាប័ន គ.ជ.ប គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បាន អំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស អញ្ជើញទៅចូលរួម ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អទាំងអស់គ្នា ហើយការចុះឈ្មោះបោះឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ គឺចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ៕