(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រីបានអញ្ជើញ ជូនដំណើរ សាសនិកឥស្លាម១០០នាក់ ដែលចេញដំណើរទៅបំពេញ កាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេស រ៉ាប៊ីសាអូឌីត។

ក្នុងជំនួបសំណេះសណាលជាមួយភ្ញៀវ ដែលចេញដំណើរ លោករដ្ឋមន្រ្តីប្រតិភូបាន អបអរសាទរសម្រាប់ លទ្ឋផលនៃការដាក់ពាក្យ សុំបែបបទធ្វើទិដ្ឋាការ ទៅប្រារព្ឋពិធីបុណ្យហាជ្ជនៅឆ្នាំនេះ សម្រាប់កម្ពុជា គឺគ្មានបញ្ហាកកគាំង ឬដាក់កម្រិតតាមចំនួនកំណត់ ដូចកាលពីឆ្នាំកន្លងទៅឡើយ។

លោកបានបញ្ជាក់ថា «ដោយមានកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការសម្រួលលើបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យខ្ញុំជាតំណាងអញ្ជើញទៅ ដោះស្រាយជាមួយក្រសួង កិច្ចការហាជ្ជប្រទេស អារ៉ាប៊ីសាអូឌីត។ ជាលទ្ឋផល ក្នុងជំនួបសម្តែងការគួរសម របស់ខ្ញុំជាមួយលោក Bandar Al Hajjar រដ្ឋមន្រ្តីក្រសួង កិច្ចការហាជ្ជ នៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកិច្ចការហាជ្ជ លោករដ្ឋមន្រ្តីបានសន្យាសម្រួលមិនដាក់ បន្ទុកកំណត់របិមាណ ដល់សាសនិក ខ្មែរឥស្លាមដែលដែលស្នើសុំចេញទិដ្ឋាការ ទៅប្រារព្ឋពិធីបុណ្យហាជ្ជបីដូចជា ឆ្នាំ២០១៥ ទៀតឡើយ ទោះបីជាលទ្ឋភាព របស់ពលរដ្ឋកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែបរិមាណនេះ ក្រសួងកិច្ចការហាជ្ជ នៅតែអាចផ្តល់ការអនុគ្រោះ ជាពិសេស ដោយឃើញពីទំនាក់ទំនងល្អរបស់ប្រមុខ រដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋជាទូទៅ រួមទាំងសាសនិកឥស្លាមផងដែរ»។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ឆ្នាំនេះសាសនិកឥស្លាម ដែលបាននិងកំពុងចេញដំណើរជាបន្តបន្ទាប់ ទៅបំពេញកាតព្វកិច្ច ពិធីបុណ្យហាជ្ជមានចំនួន៨០០នាក់ ដែលចំនួននេះ គឺមិនទាន់មានបុគ្គលណាម្នាក់ ត្រូវបានបិទមិនចេញទិដ្ឋការជូននោះឡើយ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រតិភូក្នុងនា រដ្ឋាភិបាលកម្ពុជាបានសន្យាថា នឹងបន្តនៅជាមួយបងប្អូន ហើយតស៊ូដោះស្រាយរាល់ បញ្ហាកង្វល់នានា ដែលកើត ឡើងទាំងមុនកំពុង និងក្រោយកិច្ចការប្រារព្ធពិធីបុណ្យហាជ្ជនេះ ជាពិសេសលោកក៏បានឲ្យបណ្តាក្រុមហ៊ុន អ្នកដឹកនាំហាជ្ជទាំងអស់ ផ្តល់លេខទូរស័ព្ទជូន លោកដើម្បីងាយស្រួលបន្តទាក់ទងសួរ សុខទុក្ខនៅពេលដែលពួកគេ ទៅដល់ប្រទេស អារ៉ាប៊ីសាអូឌីត។

ក្នុងជំនួបសម្ភាសន៍នឹងបណ្តាអ្នកសារព័ត៌មាន សាសនិកឥស្លាមកម្ពុជា ដែលគ្រោងនឹងចេញដំណើរ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ប្រទេសអារ៉ាប៊ីសាអូឌីត និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការសម្រួលរាល់បញ្ហាកកស្ទះនានា ក្នុងដំណើរការ ទៅធ្វើពិធី បុណ្យហាជ្ជ ជាពិសេសការជម្នះបានរាល់ឧបសគ្កនានា ដែលតែងតែកើតឡើងក្នុងបណ្តាឆ្នាំកន្លងទៅ។
 
គរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥កន្លងទៅ បងប្អូនសាសនិកឥស្លាមចំនួន ១២០០នាក់ ដែលបានចុះឈ្មោះសុំទិដ្ឋាការទៅធ្វើពិធី បុណ្យហាជ្ជ តែដោយមានការកំណត់ចំនួនពីរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ធ្វើឲ្យអ្នកដែលទទួលបានទិដ្ឋាការតែ៦៨០នាក់ប៉ុណ្ណោះក្នុងនោះ មាន៤០ជាក្រុម ហាជ្ជីផ្លូវការ ដែលឧបត្ថម្ភដោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

សូមជំរាបផងដែរថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ៤លានអ្នក  អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំនេះ ពិធីបុណ្យអាចនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១១ ខែកញ្ញាហើយបន្តរយៈពេលប្រមាណ មួយសប្តាហ៍។ សម្រាប់អ្នក ដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕