(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងមីទ្ទីងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាសាលប្រជុំ ស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីនេះ ក៏មានការចូលរួមពីសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក ប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ សមាជិកគណបក្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ថោ ជេដ្ឋា បានមានមតិសំណេះសំណាល និងថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥។ លោកបានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

ក្នុងអង្គមីទ្ទីងនេះដែរ លោក ថោ ជេដ្ឋា ផ្តាំផ្ញើដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំ របស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ លោកប្រធានក្រុមការងារ បានរម្លឹកនូវសាររបស់សម្តេចប្រធានគណបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ឱ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត និងបានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល ដែលបែងចែកជា ៨ភូមិភាគ និង៣៣ការិយាល័យបោះឆ្នោត៕