(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជេីញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិ កាលទី៥ ឆ្នាំ២០២៤។
ក្នុងនោះលោកស្រីបណ្ឌិតបានបញ្ជាក់ថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺមានសារៈសំខាន់ណាស់ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភានឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេស។
កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ធ្វេីឡេីងក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នេះកាន់តែមានសារៈខាន់ទៀតនោះ គឺគណបក្សប្រជាជនទទួលបានជ័យជម្នះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រអវត្តមាន។
លោកស្រីបណ្ឌិត ជា សិរី បានសម្ដែងការសង្ឃឹម និងជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងគ្មានអំពើហិង្សា ហើយសង្ឃឹមថា ស្មារតីសាមគ្គីដ៏ល្អរបស់អង្គបោះឆ្នោតទាំងអស់នឹងនាំមកនូវជ័យជម្នះជូនគណៈបក្សជាក់មិនខាន។
តាមរយៈវត្តមានរបស់សមាជិក-សមាជិកា និងក្រុមការងារគណបក្សដែលបានចូលរួមនាពេលនេះ ក៏បានសរបញ្ជាក់ឲ្យឃើញច្បាស់អំពីស្មារតីយកចិត្តទុកដាក់ និងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព ឯកភាពតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លា នៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្សក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ។
ជាថ្មីម្ដងទៀតលោកស្រីបណ្ឌិត ជា សិរី បានស្នើដល់អង្គបោះឆ្នោតទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមានវត្តមានក្នុងការបោះឆ្នោតដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា៕