រដ្ឋមន្ដ្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារ ជាមួយប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល
01-09-2016 12:25
(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃត្រង់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ មុននឹងបន្តដំណើរទៅជួបក្រុមហ៊ុន វិនិយោគអ៊ីស្រាអែល ស្ថិតនៅទីក្រុង តែលអាវិវ លោករដ្ឋមន្ដ្រី បានដឹកនាំគណៈប្រតិភូក្រសួង ជួបពិភាក្សាការងារជាមួយលោកស្រី ANAT BERNSTEIN-REICH ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល ទទួលបន្ទុកធ្វើការទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសឥណ្ឌា នេបាល់ និងប្រទេសសិរីលង្កា ប្រកបដោយភាពស្និទ្ធស្នាលបំផុត។
លោករដ្ឋមន្ដ្រី បានឲ្យដឹងថា ការពិភាក្សាការងារនេះ បានផ្តោតទៅលើការភ្ជាប់ទំនាក់ទំនង និងបង្កើនកិច្ច សហប្រតិបត្តិរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា និងអ៊ីស្រាលអែល នាពេលខាងមុខនេះ ដែលកន្លងមកពុំដែលបាន ធ្វើការទំនាក់ទំនងលើ វិស័យពាណិជ្ជកម្ម និងសហប្រតិបត្តិ ខាងសេដ្ឋកិច្ចជាមួយគ្នាសោះ។
ជាមួយគ្នានោះដែរ លោកស្រី ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល បានសំណូមពរមកគណៈប្រតិភូកម្ពុជា ដោយធ្វើយ៉ាងដូចម្ដេចឲ្យ ភាគីសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា លើការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕