(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលសិក្សាប្រមាណជា៥ឆ្នាំ នៅពេលនេះកម្ពុជារៀបចំបានហើយនូវផែនទីចង្អុលផ្លូវមួយសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មដ៏ប្រទាក់ក្រឡាមួយ ដើម្បីជួយគាំទ្រដល់ការធ្វើធុរកិច្ចឱ្យកាន់តែល្អប្រសើរ ខណៈពេលបច្ចុប្បន្នប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាត្រូវបានវាយតម្លៃថា ស្ថិតនៅលើតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ សម្រាប់ប្រទេសសមាជិកអាស៊ាន។
ផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជានេះ បានចូលរួមសិក្សា និងរៀបចំអង្គការចៃកា របស់ជប៉ុន ធនាគារពិភពលោក និងក្រុមហ៊ុនរបស់ចិនផងដែរ។ បន្ទាប់ពីសិក្សា និងរៀបចំចងក្រងរួចរាល់ផែនការមេនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ចុះហត្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
«ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣» មានចក្ខុវិស័យមានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ផែនការមេនេះ មានគោលដៅធំ៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (២) ធ្វើឱ្យ ប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (៣) ជំរុញ និងលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទិក។
ផែនការមេបានកំណត់នូវក្របខណ្ឌយុទ្ធសាស្ត្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់ជ្រុងជ្រោយក្នុងទម្រង់ «៣-៣-៤-២» សំដៅដល់ «របៀងដឹកជញ្ជូនមេ៣ របៀងដឹកជញ្ជូនរង៣ ប៉ូលកំណើន៤ និងប៉ូលភ្ជាប់កំណើន២»។ ក្នុងការរៀបចំប្រព័ន្ធឡូជីស្ទីក ផែនការមេបានកំណត់យកយុទ្ធសាស្ត្រ «២-២-N» ដែលសំដៅដល់ «មជ្ឈមណ្ឌលឡូជីស្ទិក២ សួនឡូជីស្ទីក២ និងមណ្ឌលឡូជីស្ទីកគ្រប់ទីកន្លែង» ផ្អែកតាមតម្រូវការឡូជីស្ទីកជាក់ស្ដែង។
ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោងផ្លូវ ដែកមានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែមផ្សេងៗមានចំនួន៤។ គម្រោងទាំងនោះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយដឹកជញ្ជូនមួយទៅមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី និងមធ្យមចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង។
តាមការប៉ាន់ស្មានគម្រោងទាំងនេះ តម្រូវការហិរញ្ញប្បទានសរុបប្រមាណ ៣៦,៦៧៩លានដុល្លារអាម៉េរិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩,៩២៦លានដុល្លារអាម៉េរិក ស្មើនឹង ៣,៩៨៥លានដុល្លារអាម៉េរិក ជាមធ្យមប្រចាំឆ្នាំ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានគូសបញ្ជាក់ថា ផែនការមេស្តីពីការដឹកជញ្ជូន និងភស្តុភារកម្មនេះ មានសារៈសំខាន់ណាស់ ដែលពីមុនមកកម្ពុជាមិនមាននោះទេ។ ផែនការមេនេះ បានក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់កម្ពុជាកំណត់ពីការកសាងហេដ្ឋរចនាសម្ព័ន្ធ កសាងប្រព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងកសាងមជ្ឈមណ្ឌលសម្រាប់ស្តុកទំនិញជាដើម។
«ប្រព័ន្ធឡូជីស្ទីក គឺជាប្រព័ន្ធដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ ការយកទំនិញកសិផលយើង ផលិតផលយើង ក្រសួងពាណិជ្ជកម្មរុញទៅលក់នៅក្រៅ។ ប្រព័ន្ធឡូជីស្ទីកមិនល្អ តម្លៃថ្លៃ ទោះខំផលិតយ៉ាងណា ពិបាកប្រកួតប្រជែង លំបាកទាក់ទាញអ្នកវិនិយោគ។ យើងជំរុញខ្លាំងណាស់ សម្តេចមហាបវរធិបតី ជំរុញខ្លាំងណាស់ធ្វើម៉េចឱ្យឡូជីស្ទីក អាចប្រកួតប្រជែងតម្លៃ»។ នេះជាការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា តាមរយៈផែនការមេនេះ ក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្ពុជានឹងមានការស្តារផ្លូវដែកឱ្យមានល្បឿនលឿនជាពេលបច្ចុប្បន្ន (៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង), មានការសាងសង់ផ្លូវ៥០សេ ពីកំពង់ធំ និងកំពង់ឆ្នាំង, នឹងមានការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត, សាងសង់ព្រែកជីកហ្វូណន-តេជោ និងមានការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ, ក្រុងព្រះសីហនុ និងមានការសាងសង់សួនឡូជីស្ទីកនៅបាវិត និងប៉ោយប៉ែតជាដើម។
សូមបញ្ជាក់ថា នៅក្នុងផែនការមេ បានបង្ហាញផែនការយ៉ាងលម្អិតពាក់ព័ន្ធការសាងសង់បណ្តាញផ្លូវគោករួមមានផ្លូវល្បឿនលឿន ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស។ ក្នុងផែនការក៏បានបង្ហាញពីផែនការរៀបចំមជ្ឈមណ្ឌលភស្តុភារកម្មនៅតាមខេត្តជុំវិញបឹងទន្លេសាបផងដែរ៕