(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ជំហរយ៉ាងរឹងមាំក្នុងការគ្រាំទ្រដល់ដំណើរការមន្ទីរពេទ្យកុមារអង្គរ និងស្នើដល់ដល់ភាគីម្ចាស់ជំនួយ បន្ដជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យមួយនេះ ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលកុមារកម្ពុជា។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ដ្រី បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលតែងតែសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលកុមារកម្ពុជា ជាពិសេសផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ ជាពិសេសជូនកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃ។

លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ ក៏បានជម្រាបអំពីគោលបំណងនៃជំនួបនេះ គឺដើមី្បជម្រាបជូនពីបេសកកម្មរបស់មន្ទីរពេទ្យមានបួនធំៗគឺ៖
១៖ ផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់
២៖ ផ្តល់ការបណ្តុះបណ្តាល និងកម្មសិក្សាដល់និស្សិត
៣៖ ផ្តល់ការអប់រំសុខភាពជូនប្រជាជននៅតាមសហគមន៍
៤៖ ជួយរៀបចំ និងបណ្តុះបណ្តាលផ្នែកថែទាំទារកទើបកើត ដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។

លោកក៏បានជម្រាបជូនអង្គប្រជុំថា ចាប់តាំងពីបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យបានផ្ដល់ការព្យាបាលសរុបប្រមាណ ២,៧ លានករណី។ កុមារប្រមាណ ១០ម៉ឺន ទៅ ១៥ម៉ឺនករណីក្នុងមួយឆ្នាំៗ បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ សេវាព្យាបាលទាំងនោះរួមមាន៖ ជំងឺទូទៅ និងទារកឈឺធ្ងន់ សេវាសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់កុមារ សេវាចក្ខុរោគ សេវាពិនិត្យសុខភាពមាត់ធ្មេញ កម្មវិធីអាហាររូបត្ថម្ភ និងការអប់រំសុខភាពបឋម មន្ទីរពិសោធន៍វេជ្ជសាស្ដ្រ និងផ្នែកមីក្រុបសាស្ដ្រ និងការព្យាបាលជំងឺមហារីកបាតភ្នែក មហារីកឈាមជាដើម។ លោក ខិនរ៉ូ អ៊ីស៊ុ ក៏បានថ្លែងជូនរដ្ឋមន្ដ្រីសុខាភិបាល ដោយស្នើសុំការណែនាំពី ដើម្បីឱ្យមន្ទីរពេទ្យផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដំណើរការដោយនិរន្តរភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មន្ទីរពេទ្យកុមារអង្គរ ជាពិសេសលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងបានផ្តល់ជាអនុសាសន៍គន្លឹះ ដល់គណៈកម្មាធិការនាយករបស់មន្ទីរពេទ្យក្នុងការដឹកនាំមន្ទីរពេទ្យ ដើមី្បធ្វើយ៉ាងណាឱ្យការដឹកនាំមន្ទីរពេទ្យមាននិរន្តរភាព និងកាន់តែមានការរីកចម្រើនបន្ថែមទៀត។

លោកសាស្ត្រាចារ្យបានបញ្ជាក់ពីគោលជំហរគាំទ្រដំណើរការមន្ទីរពេទ្យកុមារអង្គរ និងបានស្នើភាគីម្ចាស់ជំនួយបន្តគាំទ្រមន្ទីរពេទ្យ ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕