(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Yoishi Matsu ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុន Nippon Koei។ ក្នុងពិធីនោះ ក៏មានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ស្ដាប់មតិយោបល់របស់ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុន Nippon Koei លើទស្សនទានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ក្រោមការសម្របសម្រួលពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីឱ្យគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន ក្នុងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ អាចអនុវត្តទៅបានល្អប្រសើរ និងមានភាពគ្រប់ជ្រុងជ្រោយ។
សូមជម្រាបថា ក្រុមហ៊ុន Nippon Koei គឺជាទីប្រឹក្សាផ្នែកវិស្វកម្មដ៏ទូលំទូលាយឈានមុខគេរបស់ប្រទេសជប៉ុន មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកសម្រាប់ការផ្តល់សេវាកម្មវិស្វកម្មប្រកបដោយគុណភាព។ ជាមួយបទពិសោធន៍ជាង ៧០ឆ្នាំ ដែល Nippon Koei ទទួលបានទំនុកចិត្តលើការធ្វើផែនការ ការរចនា ការត្រួតពិនិត្យការសាងសង់ និងការគ្រប់គ្រងគម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសជាង១៦០ នៅទូទាំងពិភពលោក ជាមួយបុគ្គលិកប្រមាណ ៤,៥០០នាក់៕