(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីទស្សនៈវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំគម្រោងវិនិយោគតាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់អាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ៕