(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសយ៉ាងម៉ឹងម៉ាត់ថា ការមិនចុះសម្រុងលើបញ្ហាការដំឡើងប្រាក់ឈ្នួល មិនត្រូវយកការធ្វើបាតុកម្មមកដោះស្រាយបានទេ ហើយអ្នកណាមាន គំនិតផ្ដើមផ្ដួចធ្វើបែបនេះ អ្នកនោះត្រូវទទួលខុសត្រូវ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាត្រីភាគី ថ្នាក់ជាតិស្ដីពី ការដំឡើងប្រាក់ឈ្នួលអប្បរមានៅកម្ពុជា ដែលរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្នុងនោះមានការលោកឧកញ៉ា ណាង សុធី សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) តំណាងភាគីនិយោជក, លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (តំណាងភាគីសហជីព កម្មករ) ព្រមទាំងមានការចូលរួមពីតំណាង អង្គការអន្តរជាតិខាងការងារ (ILO) ផងដែរ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឱ្យដឹងថា «ការមិនចុះសម្រុងលើបញ្ហាការដំឡើងប្រាក់ឈ្នួល មិនមែនយកបាតុកម្មមកដោះស្រាយបានទេ ព្រោះអ្នកដែលរងប៉ះពាល់ គឺនិយោជកក៏ប៉ះពាល់ កម្មករខ្លួនឯងក៏ប៉ះពាល់ រដ្ឋាភិបាលក៏ប៉ះពាល់ អ្នកណាមានគំនិតផ្ដើមផ្ដួចធ្វើបែបនេះ អ្នកនោះត្រូវទទួលខុសត្រូវ»។
លោករដ្ឋមន្រ្តីថា សម្រាប់ភាគីរាជរដ្ឋាភិបាល យុទ្ធសាស្រ្តតែមួយគត់ ដែលលោកនឹងបន្តអនុវត្តនៅឆ្នាំនេះ គឺលោកនឹងដាក់ឱ្យ «ចរចាហើយចរចាទៀត ចរចាទាល់តែចរចាលែងចេញ» បានលទ្ធផលប៉ុណ្ណា ទើបដាក់មកក្រសួងការងារ ដើម្បីដាក់ក្នុងគណៈកម្មាការប្រឹក្សាការងារ ពិនិត្យនិងអនុម័ត ព្រោះនេះជាវិធីល្អតែមួយគត់ ប្រសើរជាងការទៅធ្វើកូដកម្ម បាតុកម្ម ដែលនាំឱ្យប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ចជាតិ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានលើកផ្ទុយពីនេះថា មូលហេតុនៃការធ្វើកូដកម្ម បាតុកម្ម កើតឡើងដោយសារនិយោជក បានរំលោភច្បាប់ បើអនុវត្តដោយស្មើរភាពគ្នា ក្នុងលក្ខខណ្ឌស្របច្បាប់ មិនមានបញ្ហកូដកម្ម បាតុកម្មកើតឡើងនោះទេ «តាមរបាយការណ៍របស់អាជ្ញាកណ្ដាល ៩០ភាគរយនៃវិវាទ កើតឡើងលើសិទ្ធិ ដែលបង្កដោយនិយោជក ១០ភាគរយកើតឡើង ពីបញ្ហាផលប្រយោជន៍»។
លោក អាត់ ធន់ បានបន្តថា «កាលណាការពិភាក្សា ដាក់ក្រោមការគម្រាមកំហែងបែបនេះ វានឹងធ្វើឱ្យក្រុមនិយោជក កាន់តែលែងចង់ផ្ដល់អត្ថប្រយោជន៍ឱ្យកម្មករ និយោជិត ច្រើនជាងនេះ»។
ទោះយ៉ាងណា លោករដ្ឋមន្រ្តី អ៉ិត សំហេង បានទទូចឱ្យសិក្ខាសាលានៅថ្ងៃនេះទាំងមូល ត្រូវចូលរួមស្ដាប់ការបកស្រាយបទឧទ្ទេសនាម ពីវាគ្មិនដែលជាអ្នកធ្វើការខាងផ្នែកប្រាក់ឈ្នួលអប្បរមា អ្នកសេដ្ឋកិច្ច និងអ្នកស្រាវជ្រាវឯករាជ្យផ្នែកសង្គម-សេដ្ឋកិច្ច ឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅរួមចំណែកក្នុងការការពារ ផលប្រយោជន៍រួមរបស់ជាតិ៕