(ភ្នំពេញ)៖ លោក អាដាជី អ៉ីតស៊ុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការចុះឈ្មោះ បោះឆ្នោតថ្មី តាមកុំព្យូទ័រនេះនឹងធ្វើឲ្យការចុះឈ្មោះបោះឆ្នោតថ្មីនៅកម្ពុជា ល្អប្រសើរជាងមុន។ លោក អាដាជី អ៉ីតស៊ុ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅការិយាល័យចុះឈ្មោះបោះឆ្នោត បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក អាដាជី អ៉ីតស៊ុ ប្រធាន JICA កម្ពុជា បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំសូមថ្លែងអំណរគុណ ការចុះឈ្មោះនេះ ដំណើការទៅដោយរលូនខុសពីការគិត របស់ខ្ញុំពីមុនថាអាចនឹង មានការងារមួយចំនួន មិនទាន់រៀបចំបាន និងដំណើរការដោយរលូនដូចពេលនេះ។ មានតម្លាភាព និងមានប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ។ចំពោះការ សហការរបស់ជប៉ុនរយៈពេល ១ឆ្នាំកន្លះមកនេះ យើងបានជួយច្រើនវិស័យទៅដល់ គ.ជ.ប រួមមាន ការផ្តល់ម៉ាស៊ីន Server សម្រាប់រក្សាទុកបញ្ជីអ្នកបោះឆ្នោតឲ្យមានសុវត្ថិភាព និងក្រោយមានក៏មានការសហការផ្តល់ជាទីប្រឹក្សាឲ្យ គ.ជ.ប ក្នុងការចងក្រងក្របខណ្ឌគតិយុត្តិមួយចំនួន ដូចជា សៀវភៅណែនាំ និងគោលការណ៍ណែនាំនានា ដែលទាក់ទងទៅហ្នឹង ការបោះឆ្នោតដូចជា ការចុះបញ្ជីបោះឆ្នោត ការសង្កេតការណ៍បោះឆ្នោត មានជំនួយការជប៉ុន៣រូបក្នុងហ្នឹង មានខាង IT ខាងបច្ចេកទេស និងអ្នក ផ្តល់ការប្រឹក្សាពាក់ព័ន្ធ នឹងការបោះឆ្នោតជាដើម»។
លោក អាដាជី អ៉ីតស៊ុ បានបញ្ជាក់បន្ថែមថា គជប មានការខិតខំប្រឹងប្រែងណាស់ធ្វើយ៉ាងណា ឲ្យការចុះឈ្មោះបោះឆ្នោតថ្មី តាមបច្ចេកវិទ្យាកុំព្យូទ័រនេះ ធ្វើឲ្យការចុះឈ្មោះបោះឆ្នោតជៀសវាង បាននូវការចោទប្រកាន់ដូចមុន។
គួរបញ្ជាក់ថា JICA គឺជាដៃគូសហការមួយដ៏ល្អ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ ជាដៃគូដែលតែងតែជួយសម្រូល ទាំងសំភារៈ និងការសម្រូលបច្ចេកទេសជាច្រើនទៀត៕