(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពអំពើឆក់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ចំនួន៤ករណីផ្សេងគ្នា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ការបង្រ្កាបចាប់ខ្លួនជាបន្ដបន្ទាប់ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងចុះអនុវត្តបង្រ្កាបផ្ទាល់ចំពោះជនសង្ស័យខាងលើ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យធ្វើសកម្មភាពអំពើឆក់ចំនួន៣ករណី ត្រូវបាននគរបាលជំនាញចាប់ឃាត់ខ្លួន ចំនួន៤នាក់ ទី១៖ឈ្មោះ សំ រដ្ឋា, ទី២៖ឈ្មោះ សំបុណ្យ ពុទិ្ធជ័យ បច្ចុប្បន្នពួកគេរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, ទី៣៖ឈ្មោះ ម៉ី វត្ថា ហៅតុង និងទី៤៖ឈ្មោះ ហម រត្ថា ហៅយក្ស ពួកគេទាំងពីរនាក់ រស់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង៤នាក់ បានធ្វើសកម្មភាពអំពើឆក់ កាបូបជនរងគ្រោះជនជាតិចិន នៅចំណុចបុរីញូថោន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ធ្វើសកម្មភាពឆក់ខ្សែកជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីពិភពថ្មីកំបូល១ សង្កាត់កន្ទោក ខណ្ឌកំបូល, បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចខាងត្បូងផ្សារបុរីពិភពថ្មី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ដោយឡែកចំពោះជនសង្ស័យ៣នាក់ទៀត​ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ញើម៉ូតូ និងកង់ នៅមន្ទីរពេទ្យបង្អែកចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យប្រុសស្រី៣នាក់ ពួកគេជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។

ជនសង្ស័យទាំង៧នាក់ និងវត្ថុតាង នៅសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕