(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ សហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី បានរៀបចំសិក្ខសាលាស្ដីពី «ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ សោមាទេវី ក្រោមវត្តមានរបស់លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត អ៊ាង ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូពេទ្យ ជាច្រើនទៀតផងដែរ។
លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស បានលើកឡើងថា ភាពសុំានៃឱសថប្រឆាំងនឹងមេរោគ (AMR) គឺជាការគំរាមកំហែងជាសកលចំពោះសុខភាពសាធារណៈ និងសុវត្ថិភាពអ្នកជំងឺ។ បញ្ហានេះគេប៉ាន់ប្រមាណថា នៅឆ្នាំ២០៥០ ភាពសុំានៃឱសថប្រឆាំងមេរោគនឹងបណ្ដាលឱ្យមនុស្សស្លាប់ ១០លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រមាណ ១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗផងដែរ។
លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស បានបន្តថា មូលដ្ឋានថែទាំសុខភាព គឺជាចំណុចសំខាន់ដែលត្រូវពិចារណា យកចិត្តទុកដាក់ខ្ពស់ចំពោះភាពសុំានៃឱសថប្រឆាំងនឹងមេរោគ។ អ្នកជំងឺជាច្រើនដែលត្រូវបានសង្ស័យថា មានការឆ្លងមេរោគត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចក្នុងវិសាលភាព ទូលំទូលាយដោយគ្មានការធ្វើរោគវិនិច្ឆ័យ និងណែនាំអំពីមីក្រូជីវសាស្រ្តគ្រប់គ្រាន់។ ការណ៍នេះនាំឱ្យ មានការប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគមិនសមស្រប ដែលរួមចំណែកដល់ការលេចឡើង និងការរីករាលដាលនៃមេរោគដែលអាចសុំានឹងឱសថប្រឆាំងមេរោគ ការកើនឡើងនៃអត្រាឈឺ និងស្លាប់របស់អ្នកជំងឺ ការបង្កើនរយៈពេលស្នាក់នៅក្នុងមន្ទីរពេទ្យ និងថ្លៃចំណាយកាន់តែខ្ពស់លើការ ថែទាំសុខភាពផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន បានចាត់ទុកប្រធានបទនៃសិក្ខាសាលានៅពេលនេះថា មានសារសំខាន់ដែលត្រូវយកចិត្តទុកដាក់ ពិសេសក្នុងការចូលរួមពង្រឹង និងបង្កើនចំណេះដឹង ជំនាញ និងឥរិយាបថពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថប្រឆាំងមេរោគសម្រាប់ការពិនិត្យ និងព្យាបាលជំងឺធ្ងន់ធ្ងរ និងជំងឺឆ្លងផ្សេងៗ។ លោកបន្តថា សិក្ខាសាលានេះមានសារសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ចំណេះដឹងផ្នែកធនធានមនុស្សដ៏ល្អប្រសើរប្រកបដោយគុណភាព និងគុណធម៌ ដើម្បីការអភិវឌ្ឍអង្គភាពស្ថាប័ន និងសង្គមជាតិឱ្យមានការរីកចម្រើនជាលំដាប់។
ជាមួយនេះដែរ លោកសាស្រ្ដាចារ្យ កុយ វ៉ាន់នី បានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ ដែលនឹងចែករំលែកចំណេះដឹងថ្មីៗ អំពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគ ទាក់ទងនឹងការធ្វើវិនិច្ឆ័យ និងការព្យាបាលឱ្យបានត្រឹមត្រូវសំដៅចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់អ្នកជំងឺ កាត់បន្ថយភាពសុំានៃឱសថប្រឆាំងមេរោគ និងកាត់បន្ថយ ការចំណាយរបស់អ្នកជំងឺ ដើម្បីទ្រទ្រង់ដល់ផែនការសុខាភិបាលក្នុងការលើកកម្ពស់សេវាពិនិត្យ និងព្យាបាល ព្រមទាំងថែទាំសុខភាពនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ៕