លោក យឹម សុវណ្ណ៖ «ខ្ញុំទៅចុះឈ្មោះបោះឆ្នោតហើយ ការចុះឈ្មោះដំណើរការល្អ គ្រាន់តែសហការីមានភាពយឺតយ៉ាវបន្តិច»
01-09-2016 11:33
(ភ្នំពេញ)៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោកបានទៅចុះឈ្មោះបោះឆ្នោតហើយនៅការិយាល័យ ទួលស្វាយព្រៃ២ ស្ថិតនៅរាជធានីភ្នំពេញ នៅថ្ងៃដំបូងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦េះ។ លោក យឹម សុវណ្ណ បានបញ្ជាក់ថា ការចុះឈ្មោះនៅការិយាល័យ របស់លោកគឺដំណើរការទៅបានយ៉ាងល្អ គ្រាន់តែសហការី ប្រើប្រាស់កុំព្យូទ័រ មានភាពយឺតយ៉ាវបន្តិច។
លោក យឹម សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំបានចុះឈ្មោះបោះឆ្នោតថ្មី រួចរាល់ហើយ នៅការិយាល័យទួលស្វាយព្រៃ២។ ខ្ញុំមើលឃើញថា ការចុះឈ្មោះបោះឆ្នោតថ្មី គឺមើលទៅដំណើរការធម្មតា តែខ្ញុំឃើញថាសហការីនៅការិយាល័យខ្ញុំ ហាក់ដូចជា ប្រើប្រាស់កុំព្យូទ័រ យឺតយ៉ាវបន្តិច។ ប្រជាពលរដ្ឋ និងខ្ញុំដែលទៅ ចុះឈ្មោះបោះឆ្នោត គឺត្រូវចំនាយពេល ២០ ទៅ៣០នាទីដើម្បីរង់ចាំ ទម្រង់តែបានចុះឈ្មោះ»។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិរូបនេះ បានបន្ថែមថា នៅសង្កាត់មួយចំនួន ហាក់ដូចជាមានប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតតិចតួច ដូចជាការិយាល័យ នៅចោមចៅ ជាការិយាល័យ ដែលមាន សហការីច្រើនជាងគេ រហូតទៅដល់១២នាក់។
ស្ថិតនៅក្នុងស្ថានភាពនេះ លោក យឹម សុវណ្ណ បានស្នើឲ្យ គ.ជ.ប ពង្រីកការផ្សព្វផ្សាយបន្ថែមទៀត ជុំវិញការចុះឈ្មោះបោះឆ្នោតថ្មី ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងឲ្យកាន់តែទូលំទូលាយថែមមួយកំរិតទៀត។
គួរបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ ចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ។ ទាំងស្ថាប័ន គ.ជ.ប គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សុទ្ធតែបានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស អញ្ជើញទៅចូលរួម ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អទាំងអស់គ្នា៕