(រតនគិរី)៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី និងដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការដៃគូ ប្រធាន អនុប្រធានការិយាល័យអប់រំក្រុង-ស្រុកទាំង៩ និងមន្រ្តីអប់រំគ្រប់ឋានានុក្រមសរុបប្រមាណ ១៧០នាក់។

ថ្លែងក្នុងសន្និបាតលោក ឌុច ចាន់តូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរៈភាពនៃការជោគជ័យបន្ថែមក្នុងការអនុវត្តការងារអប់រំ យុវជន និងកីឡាស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានលទ្ធផលជាទីមោទនលើគ្រប់ផ្នែកអប់រំចាប់តាំងពីផ្នែកមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ក្នុងនោះអត្រាបោះបង់ការសិក្សា និងអត្រាត្រួតថ្នាក់មានការថយចុះជាបណ្តើរៗគួរឲ្យកត់សម្គាល់ អត្រាឆ្លងភូមិសិក្សា និងអត្រាបញ្ចប់ការ សិក្សាមានការកើនឡើងបន្តបន្ទាប់។

លោកអភិបាលរងខេត្ត បានស្នើសុំអង្គសន្និបាតទាំងមូលរយៈពេល០១ថ្ងៃកន្លះនេះ ធ្វើការជជែក វែកញែករកគន្លឹះដោះស្រាយនូវបញ្ហាប្រឈម មួយចំនួនដែលពុំទាន់បានដោះស្រាយ នៅតាមបណ្តា ក្រុង-ស្រុក និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីអភិវឌ្ឍវិស័យអប់រំមួយនេះឲ្យកាន់តែប្រសើរឡើង។

នាឱកាសនោះដែរ លោក កែ ប៊ុនខៀង បានផ្ដល់អនុសាសន៍ ជូនអង្គសន្និបាតទាំងមូលរួមមាន៖ បន្តធ្វើឱ្យមានសង្គតភាព និងសុខដុបនីយកម្ម ក្នុងការប្រគល់ និងទទួលមុខងារវិស័យអប់រំ យុវជន និងកីឡា ជូនរដ្ឋបាលក្រុងស្រុក។ បន្តចូលរួមអនុវត្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសលើអាទិភាពការអភិវឌ្ឍធនធានមនុស្ស។ អ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ត្រូវសិក្សាសូត្រ និងអនុវត្តខ្លឹមសារ ឧបករណ៍ និងសូចនាករ នានាក្នុងស្តង់សាលារៀនគំរូ។ អាជ្ញាធរមូលដ្ឋានគ្រប់ឋានុក្រមគួរវិភាជថវិកា និងកៀរគរធនធាន ដើម្បីអភិវឌ្ឍវិស័យអប់រំ នៅក្នុងមូលដ្ឋានរបស់ខ្លួន។លោកគ្រូ អ្នកគ្រូ ត្រូវបន្តបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ មនសិការក្នុងការបង្រៀនសិស្សានុសិស្ស យុវជន ឱ្យមានចំណេះដឹង ជំនាញបំណិនពិតប្រាកដ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះគណៈអធិបតី ក៏បានអញ្ជើញប្រគល់ជូនលិខិតសរសើរ និងលិខិតថ្លែងអំណរគុណជូនចំពោះបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីគ្រូបង្រៀនល្អ នាយកសាលារៀនល្អសាលារៀនស្អាត និងគ្រូបង្រៀនភាសារខ្មែរ និងគណិតវិទ្យាផងដែរ៕