(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ ត្រៀមបើកឱ្យភ្ញៀវទេសចរចូលទស្សនាសាលថ្មីនៃពិព័រណ៍អចិន្ត្រៃយ៍ថ្មីរបស់ខ្លួន ដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការបង្កើតរូបិយបណ្ណប្រាក់រៀល ការបង្កើតធនាគារជាតិនៃកម្ពុជា និងទស្សនីយភាពសំខាន់ៗច្រើនទៀតដែលកើតមានក្នុងសម័យកាលចំនួន៣ រួមមាន សម័យឯករាជ្យ សម័យសាធារណរដ្ឋខ្មែរ និងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។

ពិធីសម្ពោធសាលពិព័រណ៍របស់ ស.ស.រ នេះនឹងធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃកម្ពុជា នៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ក្រោមការរៀបចំដោយធនាគារជាតិនៃកម្ពុជា។

លោក Blaise Kilian សហប្រធានសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» បានឱ្យដឹងថា ការរៀបចំសាលពិព័រណ៍អចិន្ត្រៃយ៍នេះ គឺសារមន្ទីរចង់បង្ហាញអំពីសម័យឯករាជ្យ សម័យសាធារណរដ្ឋខ្មែរ និងសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ជាពិសេសសារមន្ទីរមានគោលបំណងបង្ហាញអំពីស្នាព្រះហស្ដជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងការតស៊ូទាមទារឯករាជ្យជាតិ ការបង្កើតធនាគារជាតិនៃកម្ពុជា និងការបង្កើតប្រាក់រៀល។

លោកបានបន្តថា ទស្សនីយភាព និងរំហូរនៃអ្នកទស្សនា ក៏ត្រូវបានកែលម្អផងដែរ ដោយមានរូបថតជាច្រើនបន្ថែមទៀត រៀបរាប់អំពីរបបសាធារណរដ្ឋខ្មែរ និងព័ត៌មានបន្ថែមអំពីរបបប៉ុលពតដើម្បីធានាថាសាលពិព័រណ៍អចិន្ត្រៃយ៍នេះមិនត្រឹមតែរៀបរាប់អំពីសម័យកាលដ៍សំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងបញ្ចូលវិធីសាស្ត្រអប់រំដូចពិតៗ ដោយប្រើបច្ចេកវិទ្យាអេក្រង់បង្ហាញទំនើប។ ដំណើរកម្សាន្តនៅក្នុងសាលថ្មីនេះគឺមានភាពទាក់ទាញ និងការយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈប្រវត្តិសាស្រ្តដ៏ប្រទាក់ក្រឡានិងសម្បូរបែបរបស់កម្ពុជា។

សាលពិព័រណ៍ថ្មីនេះក៏តំណាងឱ្យការបោះជំហានយ៉ាងសំខាន់របស់សារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា ក្នុងបេសកកម្មថែរក្សានិងផ្សព្វផ្សាយប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយផ្តល់ជូនទាំងភ្ញៀវជាតិនិងអន្តរជាតិនូវទិដ្ឋភាពដ៏ជ្រាលជ្រៅអំពីអតីតកាល ឧបសគ្គ និងជ័យជម្នះរបស់ជាតិ។

គួរជម្រាបថា សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» គឺជាកន្លែងស្រាវជ្រាវនិងស្វែងយល់អំពីដំណើរប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់កម្ពុជាក្នុងរយៈពេល២,០០០ឆ្នាំ តាមទស្សនសេដ្ឋកិច្ច និងរូបិយវត្ថុ។ តាមរយៈការតាំងពិព័រណ៍ដ៏ទូលំទូលាយនិងបែបអន្តរកម្មដែលលាយបញ្ចូលវត្ថុបុរាណជាមួយនឹងអេក្រង់បង្ហាញទំនើបទាំងនេះ សារមន្ទីរ ស.ស.រ មានគោលបំណងអប់រំ និងជំរុញឱ្យមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបេតិកភណ្ឌរបស់ប្រទេស និងស្មារតីរឹងមាំ។ សារមន្ទីរ ស.ស.រ បើកទ្វារជាសាធារណៈតាំងពីឆ្នាំ១០១៩ ហើយនៅឆ្នាំ២០២៣ មានអ្នកចូលទស្សនាជាង៣៦,០០០នាក់៕