(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកា២៥លានរៀលចូលរួមកសាងវត្តសុវណ្ណនី ហៅវត្តសង្វាន ស្ថិតនៅភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាឱកាសសម្ពោធសមិទ្ធផលនានាក្នុងវត្តនេះ ក្រោមវត្តមានលោក អ៊ូ វណ្ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា សមិទ្ធផលនានាដែលត្រូវសម្ពោធឆ្លងនាឱកាសនេះចំណាយថវិកាអស់២៣ម៉ឺន១ពាន់ដុល្លារ ក្នុងនោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបត្ថម្ភចំនួន២ម៉ឺនដុល្លារ រួមនឹងពុទ្ធបរិស័ទសប្បរសជិតឆ្ងាយ។

លោក សួន សុម៉ាលីន បានលើកឡើងថា ជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានកំណត់យក កម្មវិធីជាតិជំនួយ សង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រា មានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោល នយោបាយនានា ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយមានភាពធន់ និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងការលើកកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ។

អភិបាលខេត្តបន្តថា ក្នុងបរិបទកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតគាំទ្រ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

លោកបន្តទៀតថា ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ទីអារាមក៏អាចចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្តការអនុវត្តគោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្រ។ ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងពេលដែលចាស់ទៅហើយត្រូវការសុំសីលសុំទានមួយចំនួនក៏ត្រូវបានមកស្នាក់នៅនឹងទីអារាម។ កុមារ និងយុវជនមួយចំនួនដែលខ្វះលទ្ធភាព ក៏បានប្រើប្រាស់ទីអារាមមួយចំនួនក៏បានបួស ហើយបន្តការសិក្សា។ ឯមួយចំនួនក៏បានមកស្នាក់នៅតាមទីអារាម ដើម្បីទទួលបាននូវការស្នាក់នៅ ហើយបន្តការសិក្សា។ ទាំងអស់នោះហើយដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ។

លោកក៏បានបន្ថែមថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តព្រៃវែងបានអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងក្នុងស្រុកស្វាយអន្ទរ ក៏ដូចជាស្រុកមេសាង និងស្រុកកំពង់ត្របែក ដែលបានបូមទឹកពីស្ថានីយ៍បូមទឹកទី១ និងទី២ ដាក់ចូលប្រឡាយមេបានជួយសង្គ្រោះស្រូវសរុបចំនួន១៣,៦១២ហិកតា។

លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ពិសេសលើការពង្រឹងការងារអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដែលមានខ្លឹមសារទាំង៧ចំណុច។ បន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ។ ក្នុងនោះដែរលោក អ៊ូ វណ្ណា បាននាំយកថវិការបស់ឯកឧត្តមប្រគេនព្រះសង្ឃសម្រាប់កសាងក្នុងវត្តនេះចំនួន២៥លានរៀលផងដែរ៕