(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ី នៅមុននេះបន្តិច បានចេញសេចក្តីប្រកាសពីការកើតមានវីរុស Zika ដំបូងនៅក្នុងប្រទេស ដែលវាបានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសជិតខាងខ្លួនគឺ សិង្ហបុរី បានកើតមានការរីករាយវីរុស Zika ក្នុងស្រុករហូតដល់ទៅជិត ១០០ករណី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦។
រហូតមកទល់នឹងពេលនេះ គេពុំទាន់ទទួលបាន សេចក្តីរាយការណ៍ណាមួយ ពីអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នោះឡើយ ខណៈនៅប្រទេសសិង្ហបុរី ការកើតមានវីរុស Zika ដែលឆ្លងពីសត្វមូសនឹង បង្កឲ្យស្ត្រីមានផ្ទៃពោះរងគ្រោះ ព្រមទាំង ទារកកើតមកមានក្បាល តូចខុសពីធម្មតានោះ បានបង្កការខាតបង់ផ្នែកសេដ្ឋកិច្ច ជាបណ្តើរៗទៅហើយ។
គួរបញ្ជាក់ថាប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចដាក់បញ្ចូលប្រទេសសិង្ហបុរី ទៅក្នុងបញ្ជីឈ្មោះនៃបណ្ដាប្រទេស ដែលស្ត្រីមានផ្ទៃពោះឬក៏ស្រ្តីដែលត្រៀមខ្លួនយកកូន ត្រូវចៀសវាងការធ្វើ ដំណើរទៅកម្សាន្ត។ ការសម្រេចចិត្តបែបនេះរបស់ទីក្រុង Washington Canberra និង Seoul បានធ្វើឡើង នៅបន្ទាប់ពីក្រសួងសុខាភិបាលសិង្ហបុរី អះអាងពី ករណី ឆ្លងមេរោគ Zika បានកើនឡើងដល់ ជិត ១០០ករណីគិតត្រឹមថ្ងៃពុធ ទី៣១ ខែសីហា៕