(កែប)៖ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី អីុ សំអុល បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះថា ករណីក្រុមចោរមានគ្នា៣នាក់ ប្លន់អាជីវករលក់មាសនៅផ្សារពងទឹក នាយប់មិញនោះ តាមការសួរ ជនរងគ្រោះបានឆ្លើយថា បាត់បង់មាស១០តម្លឹង, ប្លាទីន៥តម្លឹង,លុយខ្មែរ១០លានរៀល, លុយដុល្លារ២០០០ដុល្លារ, លុយបាត ៥០០០បាត, ទូរស័ព្ទSamsung ១គ្រឿង។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តយ៉ាងដូច្នេះថា ម៉ោង៦៖៣៨នាទីព្រលប់ថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៦ មានករណីប្លន់អ្នកលក់មាស និងដូរលុយ ពេលគាត់ចេញពីកន្លែងលក់មកដល់មុខផ្ទះ ដែលនៅចំងាយពីកន្លែងលក់ជាង១០០ម៉ែត្រ។
ជនរងគ្រោះមានឈ្មោះ លឹម លួន ប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកស្នងការបញ្ជាក់ថា ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូICON ពណ៌ខ្មៅ អត់ផ្លាកលេខ មកអង្គុយចាំមើលជនរងគ្រោះរួចស្រេច គ្រាន់តែជនរងគ្រោះជិះម៉ូតូពីផ្សារមកដល់មុខផ្ទះហើយបត់
បំរុងចូល ពួកវាបានជិះមកពាំងផ្លូវចូល រួចគ្នាវាម្នាក់ចុះមកវាយជនរងគ្រោះ មួយស្នាប់កាំភ្លើងខ្លីមិនស្គាល់ម៉ាក បណ្តាលឲ្យដួលបែកឈាម(ត្រូវក្រោមភ្នែកស្តាំ ដេរ២ថ្នេរ)។
ភ្លាមៗនោះវាកញ្ឆក់ស្បោងមាសយកឡើងជិះម៉ូតូខាងលើទាំងបីនាក់ជិះតិចៗដូចអ្នកដំណើរធម្មតាតាមផ្លូវជាតិលេខ៣៣បាត់ទៅ។ ចំណែកអ្នកជិតខាងពុំចាប់អារម្មណ៍ថាជាម៉ូតូចោរឡើយ។
ក្រោយកើតហេតុ លោកបានដឹកនាំកម្លាំងនគរបាលស្រុក ក្រុមចំរុះ នគរបាលខេត្តចុះប៉ុស្តិពងទឹក នឹងប៉ុស្តិសាមីុបានចុះទៅកន្លែងកើតហេតុ ដោយសហការជាមួយអភិបាលស្រុក និងលោកឧត្តមសេនីយ មៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានទៅដល់កន្លែងកើតហេតុ។
លោកស្នងការខេត្តកំពត ក៏បានចាត់ចែងនគរបាលស្រុកកំពង់ត្រាច ដងទង់ ឈូកទឹកឈូ ជួយសហការផងដែរ។
នៅព្រឹកថ្ងៃនេះកម្លាំងនគរបាលខេត្តកែប និងកម្លាំងនគរបាលខេត្តកំពត បាននិងកំពុងបន្តសហការគ្នា តាមស្រាវជ្រាវស្វែងរកក្រុមចោរប្លន់ទាំងនេះ៕