(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថា ការបោះឆ្នោតដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៉ី នៅព្រឹកមិញនេះ គឺស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយព្រឹទ្ធសភា បានបើកច្រកឱ្យតុលាការបន្តនីតិវិធីទៀត។
នៅលើបណ្តាញសង្គម Facebook លោក គឹម សន្តិភាព នៅមុននេះ បានចែកចាយនូវសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា ជុំវិញការលើកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី។ លោក គឹម សន្តិភាព បានសរសេរថា «នេះជាលទ្ធផល នៃការអនុវត្តន៍ច្បាប់ដែលស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធិសភា និងជាការបើកច្រកអោយស្ថាប័នតុលាការ អនុវត្តនីតិវិធី របស់ខ្លួនជាបន្តទៀត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា!»។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ព្រឹទ្ធសភាទាំងមូល បានសម្រេចដកអភ័យឯកសិទ្ធិ របស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពី គណបក្សសមរង្ស៊ីហើយ ដោយមានសមាជិកព្រឹទ្ធសភា ៤៦គាំទ្រឱ្យលើកអភ័យឯកសិទ្ធិនេះ។
លោកស្រី ថាក់ ឡានី និង លោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសំអាងលើអភ័យឯកសិទ្ធ បានបដិសេធមិនចូលខ្លួន ឆ្លើយបំភ្លឺជាលើកទី២ បន្ទាប់ពីមានការកោះហៅពីតុលាការ៕