(ភ្នំពេញ)៖ នៅសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស វេលាម៉ោង៨និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ បាននិងកំពុងបើកកិច្ចប្រជុំ បូកសរុបលទ្ធផលជ្រើសរើស ទ័ពជូនកងពលតូចថ្មើរជើង លេខ៧០ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ ៧០ ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធ ព្រមទាំងនាយទាហាន ទទួលជំនាញបុគ្គលិក ជាច្រើនរូបបានចូលរួមផងដែរ។
សូមបញ្ជាក់ថា ដោយឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៧០ បានស្នើសុំនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជួយជ្រើសរើសទ័ពថ្មី ចំនួន២០០នាក់ ដើម្បីបញ្ចូលក្របខណ្ឌកងពលតូច ថ្មើរជើងលេខ៧០ និងមានការឯកភាពពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បន្ទាប់មកនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញផែនការ ស្តីពីការជួយជ្រើសរើសពលទាហាន ជូនអង្គភាពកងពលតូចថ្មើរជើងលេខ៧០ ក្នុងគោលបំណងរួមចំណែក ជួយបំពេញភារកិច្ចជូនអង្គភាព កងពលតូចថ្មើរជើងលេខ៧០ ឱ្យបានសម្រេចជោគជ័យ ក្នុងការជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត និងយុវជនដែលមានសមត្ថភាព និងចំណេះដឹងស្ម័គ្រចិត្ត ចូលបម្រើការងារក្នុងកងទ័ព។
ទន្ទឹមនឹងនោះដែរ ក្នុងការជ្រើសរើសនេះ ត្រូវមានលក្ខណៈសម្បត្តិជាអាទិ៍៖ -មានសញ្ជាតិខ្មែរ -នៅលីវ -មានអាយុចាប់ពី ១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ -មានកម្ពស់ចាប់ពី១,៦៧ម៉ែត្រឡើងទៅ -មានកាយសម្បទារគ្រប់គ្រាន់ និងមានសុខភាពល្អ -មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធជាមួយនឹងអំពើល្មើសផ្សេងៗ -មានកម្រិតវប្បធម៌មធ្យមសិក្សាបឋមភូមិឡើងទៅ។
ក្រុមការងារជ្រើសរើស បានចាប់ផ្តើមធ្វើការត្រួតពិនិត្យ លក្ខណៈសម្បត្តិពីថ្ងៃទី ២៨ ខែកក្កដា និងបានបញ្ចប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ហើយតាមប្រតិទិនការងារថ្ងៃនេះ ត្រូវប្រជុំវាយតម្លៃលទ្ធផល នៃការជ្រើសរើសទ័ពនេះ បន្ទាប់មកនឹងបិទផ្សាយលទ្ធផល ជាផ្លូវការនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។
កិច្ចប្រជុំថ្ងៃទីនេះ បានធ្វើការបូកសរុបលទ្ធផល នៃការជ្រើសរើស ដោយមានការវាយតម្លៃ និងសម្រេចយកបេក្ខជន បេក្ខនារីតាមលក្ខណៈសម្បត្តិ ដើម្បីធ្វើការបិទផ្សាយលទ្ធផល ជាផ្លូវការទាន់ពេលវេលា៕