(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកពោធិ៍សាត់ នឹងចាប់ផ្តើមផ្គត់ផ្គង់ទឹកស្អាតបោះដុំ ដល់ប្រតិបត្តិករឯកជន ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតទាំងទីប្រជុំជន និងជនបទ និងរួមចំណែកលើកម្ពស់សេវា និងនិរន្តភាពការផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់សេវារបស់ប្រតិបត្តិករឯកជន។
ពិធីចុះអនុស្សារណៈផ្គត់ផ្គង់ទឹកស្អាតបោះដុំដល់វិស័យឯកជននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមវត្តមានលោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
តាមរយៈអនុស្សារណៈនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្គត់ផ្គង់ទឹកស្អាតដុំឱ្យក្រុមហ៊ុន មុខកំពូល វ៉ធើរសឹបផ្លាយ ខណៈរដ្ឋាករទឹកពោធិ៍សាត់នឹងផ្គត់ផ្គង់ទឹកស្អាតដុំឱ្យប្រតិបត្តិករទឹកស្អាត នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ការលក់ទឹកស្អាតបោះដុំដល់វិស័យឯកជននេះ គឺស្របតាមចក្ខុវិស័យរបស់លោក ហែម វណ្ឌី ដើម្បីជំរុញឱ្យប្រជាជននៅក្នុងតំបន់ទីប្រជុំជន និងក្រៅតំបន់ប្រជុំជន ទទួលបានទឹកស្អាតប្រើប្រាស់ដែលមានគុណភាព និងមានតម្លៃសមរម្យ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០%នៅទូទាំងនៅឆ្នាំ២០៣០។
លោកបានឱ្យដឹងថា នៅពេលខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងផ្គត់ផ្គង់ទឹកស្អាតដុំ ដល់ ក្រុមហ៊ុន មុខកំពូល វ៉ធើរសឹបផ្លាយ ដែលក្រុមហ៊ុនបាននិងកំពុងផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចាប់បាក់ខែង ទៅដល់ព្រែកតាមាក់ ស្របពេលដែលតំបន់នេះ កំពុងមានការរីកចម្រើនទៅលើការសាងសង់បុរី អគារជាច្រើនជាច្រើន។
លោកបន្តថា តាមរយៈអនុស្សារណៈនេះ គូភាគី ត្រូវសិក្សា និងពិភាក្សារួមគ្នាពីបរិមាណ ថ្លៃទិញទឹកស្អាតដុំ និងទីតាំងនៃការទិញលក់ទឹកស្អាតដុំ ការវិនិយោគបន្ថែម និងលក្ខខណ្ឌផ្សេងៗទៀតពាក់ព័ន្ធការអនុវត្តការទិញលក់ទឹកស្អាតដុំ ដើម្បីលក់បន្តទៅដល់អតិថិជននៅតំបន់ជុំវិញរាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបង្កើនការជួយទាំងការងារបច្ចេកទេសក៏ដូចជាការងារវិនិយោគផ្សេងៗ សំដៅពង្រឹងសមត្ថភាពប្រតិបត្តិករនៅជុំវិញរាជធានីភ្នំពេញ ប្រសិនបើពួកគេចង់ឱ្យរដ្ឋាករទឹកជួយទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម។
លោកបានឱ្យដឹងផងដែរថា ចំពោះតម្លៃនៃការផ្គត់ផ្គង់ទឹកទាំងបោះដុំ និងយកទៅលក់រាយបន្តថា គឺត្រូវមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម។
លោកបន្ថែមថា «ទឹកដែលយើងមានសមត្ថភាពក្នុងការផ្គត់ផ្គង់ ឱ្យប្រតិបត្តិករនៅតំបន់ព្រែកអញ្ចាញនេះ ខ្ញុំជឿថាចន្លោះពី ១ម៉ឺនទៅ២ម៉ឺនម៉ែត្រគូប ដែលជាចំនួនមួយមិនច្រើនទេ ដោយសាររដ្ឋាករទឹកមានសមត្ថភាពផលិតទឹកស្អាតប្រមាណ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយតម្រូវការបច្ចុប្បន្នប្រហែលជា៨.៥សែនម៉ែត្រគូប អ៊ីចឹងយើងនៅសល់ទឹកប្រហែល១សែន ៥ម៉ឺនម៉ែត្រគូបទៀត ដែលយើងអាចមានលទ្ធភាពជួយទៅបណ្តាប្រតិបត្តិករឯកជន ដែលគាត់ត្រូវការទឹកពីរដ្ឋាករទឹក»។
លោក កោះ សិលា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន មុខកំពូល វ៉ធើរសឹបផ្លាយ បានឱ្យដឹងថា ក្រុមហ៊ុន មុខកំពូល វ៉ធើរសឹបផ្លាយ បានចាប់ផ្តើមផលិតទឹកស្អាតផ្គត់ផ្គង់ប្រជាជននៅព្រែកអញ្ចាញចាប់តាំងពីឆ្នាំ២០១៩ ដែលមកទល់ពេលនេះមាន ប្រមាណជិត១ម៉ឺនបណ្តាញ។
លោបន្ថែមថា បច្ចុប្បន្ននេះការផលិតទឹកស្អាតរបស់ក្រុមហ៊ុន គឺគ្រប់គ្រាន់ ប៉ុន្តែយ៉ាងណាមិញដោយសារការរីកចម្រើននៃការសាងសង់សំណង់អគារ បុរីនានា និងកំណើនតម្រូវការ តម្រូវឱ្យក្រុមហ៊ុនត្រូវទិញទឹកបោះដុំពីរដ្ឋបន្ថែម៕