ព្រឹកនេះ ក្រសួងការងារ បើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីប្រាក់ឈ្នួលអប្បរមានៅកម្ពុជា
01-09-2016 08:14
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី ប្រាក់ឈ្នួលអប្បរមានៅកម្ពុជា ជាលក្ខណៈត្រីភាគី ដើម្បីសិក្សាផ្លាស់ប្ដូរទិន្នន័យគ្នាមួយចំនួន នាសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ និងទទួលនូវលក្ខខណ្ឌបច្ចេកទេស រូបមន្ត ទិន្នន័យមួយចំនួនពីគ្នាទៅវិញទៅមក ក្នុងការយកទៅពិភាក្សាបន្ត មុននឹងឈានទៅដល់ការពិភាក្សាទ្វេភាគី ត្រីភាគី និងឈានទៅធ្វើការសម្រេចចុងក្រោយ។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឱ្យដឹងថា ក្រោយពីភាគីទាំង៣ ពិភាក្សាគ្នារួច ហើយរាយការណ៍មកលោកហើយលោកនឹងរាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច ចំណែកការពិភាក្សានេះ ហាក់ដូចជាមិនមានភាពតានតឹងឡើយ ព្រោះភាគីនីមួយៗមានភាពចាស់ទុំជាងមុន។
សូមជម្រាបថា ចាប់ពីកំឡុងខែសីហា ភាគីនីមួយៗបានពិភាក្សាជាលក្ខណៈផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅដល់ការចរចាទ្វេភាគី៕