(ភ្នំពេញ)៖ ដូចការគ្រោងទុកទ្វារការិយាល័យចុះឈ្មោះបោះឆ្នោត១៦៣៣ នៅទូទាំងប្រទេស បានបើកទ្វារព្រមគ្នានៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ឲ្យប្រជាពលរដ្ឋខ្មែរមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។
ជាមួយនឹងទ្វារការិយាល័យបោះឆ្នោតបានចាប់ផ្តើមឡើងនេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង ៨ព្រឹកនេះ បានអញ្ជើញទៅចុះឈ្មោះនៅការិយាល័យក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រីឯលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប នឹងទៅចុះឈ្មោះនៅការិយាល័យក្នុងសង្កាត់ទួលស្វាយព្រៃទី១ នាម៉ោងប្រមាណ ១០ព្រឹក។
យោងតាមស្ថិតិរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋជាង ១៥លាននាក់ មានអ្នកគ្រប់អាយុបោះឆ្នោតចាប់ពី ១៨ឆ្នាំឡើង ទៅប្រមាណ ៩,៦៦៤,២១៤នាក់។
ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ត្រូវបានធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដែលមានភាពច្បាស់លាស់ និង សុក្រឹត្យជាងការចុះបញ្ជីឈ្មោះបោះឆ្នោត នាពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នាពេលកន្លងទៅ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប បានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយទាំងមន្រ្តីបម្រើការ និង បច្ចេកទេសសម្រាប់បម្រើការដល់ការចុះឈ្មោះបោះឆ្នោតនេះ។ ទៅខាងអង្គការសង្គមស៊ីវិល និងគណៈបក្សនយោបាយនៅកម្ពុជា ក៏បាន ត្រៀមលក្ខណៈដាក់ពង្រាយអ្នកសង្កេតការណ៍ចូលរួមសង្កេតនូវដំណើរការ នៃការចុះឈ្មោះបោះឆ្នោតថ្មីនេះផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចបង្កើតក្រុមប្រចាំការអចិន្ត្រៃយ៍មួយ ដែលមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន ហើយបានត្រៀមកម្លាំងចន្លោះពី ៥ពាន់នាក់ ដល់ ៧ម៉ឺននាក់ ដើម្បីជួយសម្រួលដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នាអំឡុងពេលចុះឈ្មោះបោះឆ្នោតរយៈពេល ៣ខែនេះ។
ការបោះឆ្នោតនៅកម្ពុជា រយៈពេល ៥អាណត្តិកន្លងមកនេះ គេតែងឃើញមានការខ្វែងគំនិតគ្នារបស់គណបក្សនយោបាយទៅលើលទ្ធផលបោះឆ្នោត ក្រោមហេតុផលផ្សេងៗគ្នា ជាពិសេសគេតែងបានឮសំឡេងតវ៉ានៅក្រោយពេលចេញលទ្ធផលថា ការបោះឆ្នោតមិនត្រូវ មិនតម្លាភាព និងមិនយុត្តិធម៌ ឬក៏ចោទ អ្នកដែលឈ្នះថា លួចបន្លំសន្លឹកឆ្នោតជាដើម។
លទ្ធផលបោះឆ្នោតអាណត្តិទី៥ កាលពីឆ្នាំ២០១៣កន្លងទៅនេះ គណបក្សសង្រ្គោះជាតិ ដែលទទួលបាន ៥៥អាសនៈ បានធ្វើការស្រែកតវ៉ាប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និង ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ ៦៨អាសនៈអង្គុយធ្វើការក្នុងរដ្ឋស ភាតែឯងអស់រយៈពេលជិត ១ឆ្នាំ។ រយៈពេលមួយឆ្នាំ នៃការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពីសំណាក់គណបក្សសង្រ្គោះជាតិ ដែលជា គណបក្សប្រឆាំងនៅកម្ពុជានេះ ធ្វើឲ្យមានបញ្ហាជាច្រើនបានប៉ះពាល់ដល់ដំណើរការវិវឌ្ឍរបស់សង្គម ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ក្រោយពេលគណបក្សដែលឈ្នះឆ្នោតទាំងពីរបានត្រូវរ៉ូវគ្នាតាមរយៈវប្បធម៌សន្ទនា ២២ កក្កដា ២០១៤ ហើយនោះ ពួកគេក៏បានព្រមព្រៀង ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលរួមមានការផ្លាស់ប្តូរក្បាលម៉ាស៊ីន គ.ជ.ប (៤រូបជ្រើសរើសមកពីគណបក្សប្រជាជនប្រជាជនកម្ពុជា ៤រូបជ្រើសរើសមកពីគណបក្សសង្រ្គោះជាតិ និង ១រូបទៀតជាការជ្រើសរើសដោយគណបក្សទាំងពីរ) កែប្រែច្បាប់បោះឆ្នោត និងមានការរៀបចំ ប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលជាប្រព័ន្ធថ្មីទំនើប ដោយមានការផ្តល់ជំនួយបច្ចេកទេស និងថវិកា ពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលជប៉ុន។
មន្រ្តី គ.ជ.ប ក៏ដូចជាការគណបក្សនយោបាយបានយល់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតបានត្រឹមត្រូវ និងសុក្រឹត្យ នឹងជួយដល់ដំណើរការ នៃការបោះឆ្នោតបានល្អប្រសើរផងដែរ។ ពួកគេរំពឹង ជាមួយនឹងការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រនេះ នឹងធ្វើឲ្យការបោះឆ្នោតនាពេលបន្តបន្ទាប់ នឹងមានភាពល្អប្រសើរ ហើយក៏រំពឹងថា នឹងលែងមានការតវ៉ាប្រឆាំងលើលទ្ធផលឆ្នោតដូចអាណត្តិកន្លងទៅផង ដែរ។
ទាំង គ.ជ.ប និងគ្រប់គណបក្សនយោបាយនៅកម្ពុជា សុទ្ធតែបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ក៏បានជួយសម្រួលដល់កម្មករ កម្មការិនី មិនចាំបាច់ធ្វើដំណើរទៅចុះឈ្មោះនៅឯស្រុកកំណើតនោះទេ គឺពួកគេអាចចុះឈ្មោះនៅតាមការិយាល័យជិតកន្លែងធ្វើការរបស់ពួកគេបានផងដែរ។
តើបុគ្គលបែបណាអាចចុះឈ្មោះបោះឆ្នោតបាន ហើយទាមទារឲ្យមានឯកសារអ្វីខ្លះ?
លោក ទេព នីថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានឲ្យដឹងថា ដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ រួមទាំងព្រះសង្ឃត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
- ត្រូវចូលទៅបង្ហាញខ្លួន ដោយភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅចំពោះមុខក្រុមអ្នកចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត នានាតាមឃុំ-សង្កាត់
- ត្រូវមានសញ្ជាតិខ្មែរ ដោយមានឯកសារបញ្ជាក់នានា
- ត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃបោះឆ្នោត
- មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬ មិនត្រូវបានដកហូតសិទ្ធិបោះឆ្នោត
- ពុំមែនជាជនវិកលចរិត ស្ថិតក្រោមអាណាព្យាបាលទូទៅ ដែលមានការបញ្ជាក់ពីស្ថាប័នជំនាញ
- មិនទាន់បានចុះឈ្មោះ ឬ ក៏ចុះឈ្មោះហើយនៅក្នុងឃុំ-សង្កាត់ កំពុងចុះឈ្មោះបោះឆ្នោត
សម្រាប់ឯកសារ ដែលបម្រើដល់ការចុះឈ្មោះបោះឆ្នោតវិញរួមមាន៖
- អត្តសញ្ញាណបណ្ណទាំងមានសុពលភាព និងផុតសុពលភាព
- បើគ្មានអត្តសញ្ញាណបណ្ណ គឺត្រូវមានឯកសារ ឬលិខិតបញ្ជាក់អត្តសញ្ញាណដូចជាសំបុត្របញ្ជាក់កំណើត ឬជាព្រះរាជក្រឹត្យ និងសេចក្តីសម្រេចពីតុលាការជាដើម ភ្ជាប់ជាមួយសាក្សីពីរនាក់ និងរូបថត ដើម្បីសុំលិខិតបញ្ជាក់អត្តសញ្ញាណពីមេឃុំ ឬចៅសង្កាត់។
បើតាមលោក ទេព នីថា ដំណើរការចុះឈ្មោះបោះឆ្នោតនេះ ត្រូវចែកចេញជា៤ដំណាក់កាល។ ក្នុងនោះដំណាក់កាលទី១ និងទី២ អនុវត្តដោយប្រធានក្រុមអ្នកចុះឈ្មោះបោះឆ្នោត។ ក្នុងដំណាក់កាលនេះ ប្រធានក្រុមអ្នកចុះឈ្មោះបោះឆ្នោត ត្រូវជួបសម្ភាសន៍សួរនាំអ្នកចុះ ឈ្មោះបោះឆ្នោត ពីឯកសារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រវត្តិ នៃការចុះឈ្មោះបោះឆ្នោត។
ដំណាក់កាលទី៣ ត្រូវជួបជាមួយអនុប្រធានក្រុមអ្នកចុះឈ្មោះបោះឆ្នោត ដែលត្រូវសម្ភាសន៍បន្ថែមពីទីលំនៅ ដើម្បីកំណត់ការិយាល័យបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលអ្នកចុះឈ្មោះបោះឆ្នោតរស់នៅ។
រីឯដំណាក់កាលចុងក្រោយ អ្នកចុះឈ្មោះបោះឆ្នោត ត្រូវជួបជាមួយការីកុំព្យូទ័រ ដើម្បីបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រ ដើម្បីជ្រើសរើសការិ យាល័យបោះឆ្នោត ស្កែនមេដៃ ថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ បញ្ចូលលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ និងត្រូវថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បញ្ចូលអត្តលេខរបស់អ្នកបោះឆ្នោត បញ្ចូលទិន្នន័យរបស់អ្នកបោះឆ្នោតម្នាក់ៗ ដែលមានឈ្មោះ ភេទ អាយុ ថ្ងៃខែឆ្នាំកំណើត ហើយត្រូវថតរូបអ្នកបោះឆ្នោត រួមទាំងឯកសារពាក់ព័ន្ធផ្សេង៕