(ភ្នំពេញ)៖ ដោយមានការរៀបចំដោយក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអែល គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បានបន្តទៅជួបពិភាក្សាការងារ និងស្វែងយល់ពីសកម្មភាព របស់ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈស្រោចស្រព (ODIS) ដែល មានជាប់ពាក់ព័ន្ធទៅ នឹងការអភិវឌ្ឍន៍កសិកម្ម ។
សូមបញ្ជាក់ថា ក្រុមហ៊ុននេះ មានបទពិសោធន៍ ក្នុងការផ្គត់ផ្គង់សម្ភារស្រោចស្រព ក្នុងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះដែលមានសម្ភារ ៖
1) ការសិក្សា គូប្លង់ និងដំឡើងឧបករណ៍ចម្រោះទឹក គ្រប់ប្រភេទជាពិសេសសម្រាប់សហករណ៍កសិកម្មប្រទេសអ៊ីស្រាអែល
2) ឧបករណ៍ចម្រោះទឹក សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្របដោយដំណក់ទឹក និងទឹកភ្លៀងសិប្បនិមិត
3) ឧបករណ៍សម្អាតទឹកសមុទ្រ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ការហូប
4) ឧបករណ៍សម្អាតទឹកបឹង អូរ ស្ទឹង និងទន្លេ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ការហូបតាមភូមិ ហើយមានលក្ខណៈសម្អាតសំណាញ់ចម្រោះទឹកដោយខ្លួនឯង ។
នៅថ្ងៃដដែលនេះ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបពិភាក្សាការងារជាមួយ LR GROUP ដែលសមាគមន៍អ្នកវិនិយោគពិភពលោក ក្នុងការផ្តល់គំនិតលើការវិនិយោគខ្នាតមធ្យម និងធំក្នុងការជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍ, ការផ្តល់ ហិរញ្ញប្បទាន, ការសាងសង់ និងការគ្រប់គ្រង លើវិស័យកសិកម្ម, ទឹក, ឋាមពល, ទូរគមនាគមន៍, សុខ ភាព និងសាងសង់ ។
ក្រោយពីការជួបពិភាក្សាអស់រយៈពេល ជិតពីរម៉ោងមក ប្រធាន LR GROUP បានសំណូមអោយភាគីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីធ្វើការជាក្រុមការបច្ចេកទេស LR GROUP នាពេលដ៏ខ្លីខាងមុខនេះនៅកម្ពុជា ។
បន្ទាប់មក ដោយមានការសម្របសម្រួលដោយ វិទ្យាស្ថានអាហរណ និងសហប្រតិបត្តិការអន្តរជាតិអ៊ីស្រាអែល គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយខ្ញុំផ្ទាល់បានបន្ត ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគទុនអ៊ីស្រាអែល ចំនួន ១០ ក្រុមហ៊ុន ដែលមានធ្លាប់ធ្វើការវិនិយោគរួមជាមួយផ្តល់បច្ចេកវិទ្យាកសិកម្ម៖ (១) ការចិញ្ចឹមសត្វ, វារីវប្បកម្ម, ការដាំដើមឈើ, ការដាំបន្លែនិងផ្លែឈើ និងការចិញ្ចឹមគោយកទឹកដោះ ។
សូមបញ្ជាក់ថាវិទ្យាស្ថានអាហរណ និងសហប្រតិបត្តិការអន្តរជាតិអ៊ីស្រាអែល បានចាប់ផ្តើមបង្កើតនៅឆ្នាំ១៩៥៨ ដែលជាអង្គការមួយមិនគិតចំណូល របស់រដ្ឋាភិបាលអ៊ីស្រាអែលនិងវិស័យឯកជន ។
ក្រោយពីបានពិភាក្សាការងារតាមរយៈការធ្វើបទបង្ហាញរបស់ភាគីកម្ពុជា និងក្រុមហ៊ុនអ៊ីស្រាអែលអស់រយៈពេលជាងពីរម៉ោងមក ក្រុមហ៊ុនទាំង ១០ បានសន្យាថា នឹងទៅវិនិយោគនៅកម្ពុជា ដោយពាំនាំយកនូវបច្ចេកវិទ្យាទំនើប ក្នុងវិស័យកសិកម្មទៅកម្ពុជា នាពេលខាងមុខដ៏ខ្លីនេះ ដោយសូមអោយភាគីកម្ពុជា ដែលមានការជាប់ពាក់ព័ន្ធ ជួយផ្តល់ការគាំទ្រ ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕