(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដែលត្រូវជាថ្ងៃដំបូងនៃបើកឲ្យមានការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី សម្តេចតេជោ បានអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។  

ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត គឺគ្មានសិទ្ធិបោះឆ្នោតនោះទេ។  

សម្តេតជោ ហ៊ុន សែន បានសរសរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នេះគឺជាថ្ងៃចាប់ផ្តើម ចុះឈ្មោះបោះឆ្នោតរហូតដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមមណ្ឌលចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា»។

យោងតាមស្ថិតិរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋជាង ១៥លាននាក់ មានអ្នកគ្រប់អាយុបោះឆ្នោតចាប់ពី ១៨ឆ្នាំឡើង ទៅប្រមាណ ៩,៦៦៤,២១៤នាក់។

ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ត្រូវបានធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដែលមានភាពច្បាស់លាស់ និង សុក្រឹត្យជាងការចុះបញ្ជីឈ្មោះបោះឆ្នោត នាពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៕