(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី៦នាក់) រងរបួសធ្ងន់៩នាក់ និងរងរបួសស្រាល៦នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគបរាលជាតិ។
នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំចំនួន៤គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក (ស្លាប់១នាក់) មិនប្រកាន់ស្ដាំមួយលើក និងស្រវឹង១លើក ក្នុនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១៩នាក់ (យប់៤នាក់)។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,០៥៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,១៨៥គ្រឿង និងពិន័យសរុបចំនួន១,៨៧៤គ្រឿង៕