(កែប)៖ ជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានជិះម៉ូតូមួយគ្រឿងម៉ាក Icon នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានទៅធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទពីផ្ទះអាជីវករលក់មាស នៅផ្សារពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ខណ:ដែលជនរងគ្រោះ និងកូនកំពុងជិះម៉ូតូឌុបគ្នា ចេញពីតូបលក់ដូរមកផ្ទះវិញ នៅក្បែរផ្សារពងទឹកនោះ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពត និងខេត្តកែបថា ជនសង្ស័យទាំង៣នាក់ បានយកកាំភ្លើង វាយក្បាលជនរងគ្រោះឈ្មោះ លួន ពេលកំពុងជិះម៉ូតូជិតដល់ផ្ទះ ហើយកញ្ឆក់យកថង់ដាក់គ្រឿងអលង្ការ និងទ្រព្យសម្បត្តិ រួចបើកម៉ូតូគេចខ្លួន ចូលទឹកដីខេត្តកំពតតែម្តង។
ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ អីុ សំអុល បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពត កំពុងតាមបង្ក្រាបក្រុមចោរទាំងនេះ៕