(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ដោយមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មួយអន្លើដោយសម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការទាំងអស់នៃក្រសួងធម្មការនិងសាសនា នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

ក្នុងពិធីដ៏មហោឡារិកនោះ លោកបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ផ្តាំផ្ញើប្រគេនជូនបេក្ខសមណៈ បេក្ខជនគ្រប់រូបថា សូមឱ្យបេក្ខសមណៈនិងបេក្ខជនគ្រប់រូប ត្រូវរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ គោរពតាមបទប្បញ្ញត្តិទូទៅ នៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនេះ។

ក្នុងពិធីនោះផងដែរ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិគ្រប់ព្រះអង្គ មានសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ជាព្រះអគ្គាធិការដែលតែងតែយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ទៅលើការអភិវឌ្ឍវិស័យអប់រំព្រះពុទ្ធសាសនា ដើម្បីផលិតមូលធនមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាទីបញ្ចប់ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានប្រគេននិងជូនពរបេក្ខសមណៈ បេក្ខជនគ្រប់រូប ប្រឡងជាប់ ហើយត្រូវព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពគ្រប់វិញ្ញាសាប្រឡង ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនតាមព្រះបន្ទូលរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ដែលលើកឡើងថា «អ្នកចេះគឺជាប់»

ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ឬបាក់ឌុបសាលាបាលី ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ១ មណ្ឌល មានបេក្ខសមណៈ បេក្ខជន សរុប ៥៤៩ អង្គ/នាក់ ស្មើនឹង ២២ បន្ទប់ ដែលនិមន្តអញ្ជើញមកពីរាជធានីខេត្តចំនួន១៣។

ដោយឡែក ចំពោះវិញ្ញាសាប្រឡងមានចំនួន ១៤ មុខវិជ្ជាគឺ៖ ភាសាបាលី ភាសាសំស្ក្រឹត ព្រះអភិធម្ម សាសនាប្រៀបធៀប គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដីវិទ្យា ពលរដ្ឋវិជ្ជា និងភាសាអង់គ្លេស។
គួរបញ្ជាក់ថា នៅឆ្នាំនេះគ្រប់ការប្រឡងទាំងអស់ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹង នៅគ្រប់មណ្ឌលសំណេរ ស្របតាមព្រះបន្ទូលសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិថា «យកគុណភាពប្រសើរជាងបរិមាណ»