(ភ្នំពេញ)៖ មកដល់រសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គណបក្សនយោបាយនៅកម្ពុជា និង អង្គការខុមហ្វ្រែល រួមនឹងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធមួយចំនួនទៀត បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមការចុះឈ្មោះបោះឆ្នោតថ្មី នាថ្ងៃស្អែក ជាថ្ងៃដំបូងបង្អស់ ក្រោយពីមានការកែប្រែទំរង់នៃការចុះ ឈ្មោះបោះឆ្នោត ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ។
បញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បានត្រៀមកិច្ចការរួចរាល់ ១០០ភាគរយហើយ ដើម្បីបើកយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ខាងមុខ។ លោក ហង្ស ពុទ្ធា ថា គ.ជ.ប បានត្រៀម មន្រ្តីប្រតិបត្តិករ និងសំភារៈ ដាក់តាមការិយាល័យ នៅទូទាំងប្រទេសចំនួន ១៦៣៣ កន្លែងរួចរាល់ហើយ។
លោក ហង្ស ពុទ្ធា ថានេះគឺជាយុទ្ធនាការដំបូងនិងថ្មីបំផុត សម្រាប់មន្រ្តីប្រតិបត្តិករ សម្រាប់ការចុះឈ្មោះបោះឆ្នោត រយៈពេល៣ខែ ខាងមុខនេះ តែយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា គ.ជ.បនឹង ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យការចុះឈ្មោះបោះឆ្នោតនេះ ទទួលបានជោគជ័យ និងមានប្រជាពលរដ្ឋចូលរួមគ្រប់ៗគ្នា។
ចំណែក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា គណបក្សសង្រ្គោះជាតិ បានត្រៀមដាក់ភ្នាក់ងារគណបក្សនៅទូទាំងប្រទេស តាមការិយាល័យបោះឆ្នោតនីមួយៗ នៅតាមឃុំ សង្កាត់ ។ លោក យឹម សុវណ្ណថា លោកនៅមិនទាន់សន្និដ្ឋានបានថា តើការរចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលរៀបចំដោយ គ.ជ.ប នៅពេលនេះ នឹងល្អប្រសើរជាងមុនដែរឫទេ?
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិរូបនេះ ក៏បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយ ធ្វើយ៉ាងណា ព្យាយាមផ្សាយព័ត៌មានលំអិតពីការចុះឈ្មោះបោះឆ្នោត ទៅដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយដើម្បីឲ្យ ពួកគាត់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានច្រើនបំផុត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ដោយសេរីភាព និងយុត្តិធម៌ ហៅកាត់ថា ខុមហ្រ្វែល បានបញ្ជាក់ឲ្យដឹងថា ខុមហ្រ្វែល បានត្រៀម អ្នកសង្កេតការណ៍ និងសមាជិក មកពីអង្គការសង្គមស៊ីវិល មួយចំនួនទៀត ដោយសរុបមានចំនួន ជាង១០០០នាក់ ចូលរួមនៅក្នុងការសង្កេតការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ចាប់ផ្តើមនៅថ្ងៃស្អែក។ លោក មានទំនុកចិត្តថា ការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ដែលរៀបចំដោយ គ.ជ.ប នាពេលនេះគឺអាចនឹងមានតម្លាភាព និងត្រឹមត្រូវជាងមុន។
សូមជំរាបថា នៅថ្ងៃស្អែកនេះ ការចុះឈ្មោះបោះឆ្នោតថ្មី នឹងឈានមកដល់ពោលគឺ នៅថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ។ ទាំងស្ថាប័នគ.ជ.ប គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សុទ្ធតែបានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស អញ្ជើញទៅចូលរួម ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អទាំងអស់គ្នា៕