(ភ្នំពេញ)៖ វាជាការបញ្ចេញប្រតិកម្មចោទប្រកាន់យ៉ាងប្រញាប់ប្រញាល់ ដោយគ្មានមូលដ្ឋាន និងជាទម្លាប់របស់បក្សប្រឆាំងទៅហើយ ក្នុងចេតនាបំភ័ន្តសាធារណមតិ នៅពេលមេបក្សប្រឆាំងដែលជាទណ្ឌិតកំពុងនិរទេសខ្លួន បានទទួលរូបភាពវីដេអូពីភ្នំពេញទៅ ហើយចេញមកអះអាងថា ការហោះហើររបស់ឧទ្ធម្ភាគចក្រថា ក្នុងបំណងគំរាមកំហែងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគេបានឃើញឧទ្ធម្ភាគចក្រចំនួន៧គ្រឿង បានហោះឆ្លងកាត់ពីលើទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីវេលាម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ដែលការពិតការហោះហើរនោះ បានធ្វើឡើងក្នុងអ្វីមួយដែលជាការហោះសម ត្រៀមដើម្បីធ្វើសមយុទ្ធកងអង្គរក្ស ដែលស្ថាប័នពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅពេលខាងមុខតែប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងមួយចំនួន បានជ្រួលច្របល់បន្ទាប់ពីបានឃើញឧទ្ធម្ភាគចក្រហោះពីលើ។ ដំណឹងនេះបានផ្អើលទៅដល់ទណ្ឌិតជាប្រធានបក្សដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ហើយខ្លួនឯងបានបាត់សិទ្ធិនយោបាយហើយនោះ បានបង្ហោះសារដោយចោទប្រកាន់ភ្លាមៗថា ការហោះហើរឧទ្ធម្ភាគចក្រនេះ ហាក់ដូចជាមានបំណងគំរាមកំហែងគណបក្សសង្គ្រោះជាតិ។ នេះជាការចោទប្រកាន់ក្នុងបំណងបំភ័ន្តសាធារណមតិ ដោយពុំបានទទួលព័ត៌មានឲ្យច្បាស់លាស់ជាមុន។
ប្រភពព័ត៌មានពីក្នុងស្នាក់ការបក្សប្រឆាំង បានឲ្យដឹងថា នៅពេលឧទ្ធម្ភាគចក្រហោះពីលើ លោក កឹម សុខា ដែលកំពុងមានបញ្ហាផ្ទាល់ខ្លួនប្រឈមនឹងនីតិវិធីចំណាត់ការផ្លូវច្បាប់ គាត់ភ័យតក់ស្លុត និងជ្រួលច្របល់។ នេះហើយដែលគេហៅថា «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»។
ឧទ្ធម្ភាគចក្រចំនួន៧គ្រឿងដែលហោះឆ្វែលពីលើបក្សប្រឆាំង បានកើតឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយពេលដែលបក្សសង្គ្រោះជាតិទើបនឹងធ្វើរបងចំរឹងដែក ហាក់ដូចជារឹងមាំជាងគុកព្រៃសទៅទៀត ក្នុងអ្វីមួយដែលប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់ក្នុងបក្សប្រឆាំងទម្លាយឲ្យដឹងថា ជាគំនិតរបស់លោក កឹម សុខា ដែលគាត់ព្រួយបារម្ភអំពីការចាប់ខ្លួនរបស់សមត្ថកិច្ច នៅពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលលោក កឹម សុខា ប្រកាន់ជំហរដាច់ខាតមិនចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌនៅចំពោះមុខតុលាការ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ហើយសូម្បីតែអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍តម្រូវឲ្យចូលខ្លួនចំពោះមុខតុលាការដើម្បីការពារបណ្តឹងសារទុករបស់ខ្លួន នៅថ្ងៃទី២ កញ្ញា ឆ្នាំ២០១៦ ក៏លោក កឹម សុខា គេច សម្ងំលាក់ខ្លួននៅក្នុងស្នាក់ការបក្ស មិនហ៊ានចេញមុខទៅតុលាការដែរ។
សំឡេងនៃឧទ្ធម្ភាគចក្រហោះពីលើដំបូលស្នាក់ការបក្ស បើទោះជាការសមត្រៀមប្រារព្ធពិធីសមយុទ្ធជាផ្លូវការនៅពេលខាងមុខក្តី ប៉ុន្ដែ បានធ្វើឲ្យលោក កឹម សុខា ដែលកំពុងប្រឈមផ្លូវច្បាប់ ដោយសារការបដិសេធមិនចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ ក្នុងពេលជិតដល់ថ្ងៃជំនុំជម្រះក្តីនោះ ភ័យតក់ស្លុត ។ ការភ័យខ្លាចនេះ គឺបានកើតចេញពីទង្វើលាមកអសីលធម៌ពាក់ព័ន្ធនឹងរឿងអាស្រូវស្រីញី និងការមានៈ មិនក្លាហានចេញមុខទទួលខុសត្រូវនូវទង្វើរបស់ខ្លួន។ ប្រសិនបើ លោក កឹម សុខា មិនបានប្រព្រឹត្តបំពានច្បាប់នោះទេ លោកនឹងមានសេរីភាពសព្វបែបយ៉ាង ដោយមិនត្រូវធ្វើគុកឃុំខ្លួនឯង និងរស់នៅពួនសង្ងំលាក់ខ្លួនដូចសព្វថ្ងៃនេះឡើយ។
លោក កឹម សុខា បានបាត់បង់អ្នកគាំទ្រ ស្ទើរតែទាំងស្រុង ខណៈមេបក្សប្រឆាំងក៏បាត់សិទ្ធិធ្វើនយោបាយ។ ផ្ទៃក្នុងបក្សប្រឆាំងកំពុងច្របូកច្របល់ ទើបខិតខំបញ្ចេញសារបំភ្លៃសភាពការណ៍ថា ស្ថានភាពនយោបាយកំពុងឡើងកំដៅ។ ការពិតកំដៅឡើងតែក្នុងបក្សប្រឆាំងតែប៉ុណ្ណោះដោយសារ លោក កឹម សុខា ខកខានមួយរយៈមកហើយ មិនហ៊ានចេញទៅសប្បាយ ស្រីញី និងលំហែរកាយដូចពីមុនទៀតនោះទេ ក្រោយពីបែកធ្លាយរឿងអាស្រូវផ្លូវភេទមកនោះ ហើយប្រធានបក្សក៏មិនអាចវិលចូលស្រុកវិញបាន ដោយសារខ្លួនជាទណ្ឌិតត្រូវប្រឈមការចាប់ខ្លួន។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រឿងក្តីរបស់លោក កឹម សុខា តុលាការនឹងជំនុំជម្រះ ។ មន្ត្រីជាន់ខ្ពស់មួយចំនួនខាងកូតាលោក សម រង្ស៊ី បង្ហាញការមិនសប្បាយចិត្តនៅពេលលោក កឹម សុខា បញ្ជាឲ្យគេធ្វើរបងចំរឹងដែក ហើយបានណែនាំឲ្យសកម្មជនខាងបក្សសិទ្ធិមនុស្សចូលរួមនិងតាមដានបញ្ហារបស់ខ្លួន ជាមួយនឹងការបង្ខំឲ្យប្រជាពលរដ្ឋមកការពារគាត់។ មនុស្សសំខាន់មួយចំនួន ខាងលោក សម រង្ស៊ី បានខ្សឹបប្រាប់ទៅមន្ត្រីមូលដ្ឋាន មិនឲ្យមានការនាំគ្នាឡើងមកភ្នំពេញទេ ពីព្រោះថា បើសមត្ថកិច្ចត្រូវចាប់ខ្លួន គឺមិនអាចប្រជាពលរដ្ឋទៅបង្កការរារាំង ប្រឆាំងច្បាប់បាននោះឡើយ បើពុំដូចនោះទេ នឹងនាំបញ្ហាដល់ខ្លួនឯងទៀតផង គឺអាចប្រឈមនឹងផ្លូវច្បាប់។
ងាកមកការហោះសាកល្បងឧទ្ធម្ភាគចក្រកាលពីព្រឹកមិញ សូមលោកប្រធានបក្សដែលកំពុងនីរទេសខ្លួន លោក កឹម សុខា និងមន្ត្រីមួយចំនួនរបស់បក្សប្រឆាំង ជ្រាបពីការពិតផងថា « ឧទ្ធម្ភាគចក្រដែលហោះហើរនោះ គឺហោះស្របតាមបណ្តោយផ្លូវពីទន្លេបាសាក់ ជាមួយនឹងផ្លូវជាតិលេខ២ ឆ្លងកាត់សង្កាត់ចាក់អង្រែ ឆ្ពោះទៅតាខ្មៅ គឺហោះទៅទីតាំងធ្វើសមយុទ្ធរបស់កងអង្គរក្ស និងទ័ពអាកាស ដើម្បីត្រៀមប្រារព្ធថ្ងៃខួបកំណើតកងអង្គរក្ស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកញ្ញា ខាងមុខនេះតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋជាច្រើន មិនមានការភ្ញាក់ផ្អើលទេ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ពីព្រោះគេបានទទួលព័ត៌មាននេះប៉ុន្មានថ្ងៃមកហើយ។
ប្រភពពីមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងមានសមត្ថកិច្ច បានឲ្យដឹងថា ករណីបទល្មើសរបស់លោក កឹម សុខា និងមនុស្សពាក់ព័ន្ធណាក៏ដោយ បើដល់ពេលវេលាដែលត្រូវអនុវត្តដីកាចាប់ខ្លួន នាំខ្លួន ដើម្បីឲ្យអនុវត្តទោសទណ្ឌយ៉ាងណានោះ ជាពិសេសសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា បើត្រូវការចាប់ខ្លួនមែននោះ មិនចាំបាច់ប្រើឧទ្ធម្ភាគចក្រនោះឡើយ គឺសមត្ថកិច្ចអាចមានកម្លាំងគ្រប់គ្រាន់អនុវត្ត បទបញ្ជាចាប់ខ្លួនភ្លាមៗបានយ៉ាងងាយស្រួលបំផុត ហើយចំរឹងដែកនៅស្នាក់ការបក្សនោះ មិនអាចការពារបទល្មើសរបស់លោក កឹម សុខាបានឡើយ ហើយបក្សប្រឆាំងក៏ត្រូវយល់ឲ្យច្បាស់ដែរថា « ការចាប់ខ្លួនជនល្មើស សមត្ថកិច្ចអាចធ្វើបានគ្រប់ពេលវេលា និងគ្រប់មធ្យោបាយ ទាំងផ្លូវគោក អាកាស និងផ្លូវទឹក គឺមិនឲ្យជនល្មើសរួចខ្លួនបានទេ។ សូមកុំបន្តផ្គើនច្បាប់អី មិនមែនជាការបង្ហាញសាច់ដុំនោះទេ ដោយគ្រាន់តែការត្រៀមធ្វើសមយុទ្ធ ដោយបើកឧទ្ធម្ភាគចក្រ៧គ្រឿងហោះឆ្លងកាត់ពីលើ ក៏នាំគ្នាភ័យស្លន់ស្លោរទៅហើយនោះ តើនៅបន្តបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនឯង គ្រាន់បើ មិនខ្លាច មិនភ័យ និងតក់ស្លុតដូចម្តេចទៅ?
ប្រជាពលរដ្ឋឈ្មោះ Lina Swb ដែលបានដឹងពីការហោះសាកល្បងត្រៀមធ្វើសមយុទ្ធរបស់កងអង្គរក្ស បានបង្ហោះសារ Comments លើហ្វេសប៊ុក តបទៅកូនស្រីលោក កឹម សុខា វិញថា « ថីហ្នឹង ? ម្តុំទីស្នាក់ការបក្សសង្គ្រោះជាតិហ្នឹងជាតំបន់ហាមការហោះហើរ (No-Fly Zone) មែន បានជាគ្រាន់តែឧទ្ធម្ភាគចក្រហោះហើរពីលើប៉ុណ្ណឹងមិនបាន ឬផ្ទៃមេឃម្តុំហ្នឹង បក្សសង្គ្រោះជាតិ ទិញផ្តាច់មុខ?
ដោយ៖ សាន្ត វិបុល