(ភ្នំពេញ)៖ មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះថា ជនរងគ្រោះជាភ្ញៀវនិងបុគ្គលិក ចំនួន៧នាក់ ដែលត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារពុលចេញពីហាងខារ៉ាអូខេ «ញូហ្សឺលែន» នោះ ក្រោយការស្រាវជ្រាវទៅ អាចបណ្តាលមកពីជនរងគ្រោះទាំងនេះ ផឹកកាហ្វេ លាយស្រាបៀរ ABC។
ការបង្ហាញលទ្ធផលជាជំហ៊ានបឋមបែបនេះ ត្រូវបានមន្រ្តីនគរបាលបញ្ជាក់ថា នៅក្នុងបន្ទប់ខារ៉ាអូខេ គេបានឃើញសំបកកាហ្វេនិងកំប៉ុង ស្រាបៀរ ABC។
ជាមួយគ្នានេះ មន្រ្តីនគរបាលម្នាក់ ដែលបានឈប់រថយន្តកណ្តាលផ្លូវ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកនា ម៉ោង២៖០០នាទីរំលងអាធ្រាត្រថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក៏ជាជនរងគ្រោះដែលចេញពីច្រៀងនៅក្នុងខារ៉ាអូខេ ហើយបានផឹកកាហ្វេ លាយABCនេះដែរ។
នគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា នៅរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចចំរុះដឹកនាំដោយព្រះរាជអាជ្ញាបានចុះ ធ្វើកោសល្យវិច័យលើករណីមួយនេះ ព្រមទាំងយកជាតិកាហ្វេទៅធ្វើពិសោធន៍បន្តទៀត។
បើតាមមន្រ្តីនគរបាល នៅវេលាម៉ោង៩យប់មិញជនរងគ្រោះទាំងនេះ បានចូលទៅច្រៀងនៅក្នុងខារ៉ាអូខេខាងលើ ស្រាប់តែក្រោយហូប កាហ្វេលាយ ABC រួចនៅវេលាម៉ោង១១ ក៏មានអាការៈមិនស្រួលរហូតសន្លប់តែម្តង។ ភ្លាមៗនោះត្រូវបានម្ចាស់ខារ៉ាអូខេជួយដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែមិនបានរាយការណ៍ទៅសមត្ថកិច្ចនោះទេ។ យ៉ាងណាក៏ដោយ សម្រាប់សំណាកកាហ្វេត្រូវនឹង នគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច យកទៅធ្វើការពិសោធន៍បន្តទៀត។
សូមបញ្ជាក់ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅខារ៉ាអូខេ «ញូហ្សឺលែន» ជាប់ផ្សារមាន់អាំងស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយភ្ញៀវប្រុសៗ ចំនួន ៥នាក់ និងនារី២នាក់ទៀតជាបុគ្គលិក សង្ស័យពុលអាហារក្នុងខារ៉ាអូខេ ហើយត្រូវបាន ដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ដោយឡែក នៅជិតស្ពានអាកាសតិចណូ នាម៉ោង២៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក គ្រាដែលគេប្រទះឃើញមន្រ្តីនគរបាលម្នាក់ បានសន្លប់ស្តូកស្តឹង នៅក្នុងរថយន្តតែម្នាក់ឯង ដែលនគរបាលរូបនេះ ក៏ចេញពីខារ៉ាអូខេនេះដែរ៕