Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាទេសចរ១គ្រឿង ផ្ទុកទេសចរជិត២ពាន់នាក់ ចូលចតកំពង់ផែព្រះសីហនុ, មន្រ្តីថាជាសញ្ញាល្អដល់កម្ពុជា

31-08-2016 16:38

(ព្រះសីហនុ)៖ នាវាទេសចរណ៍ធំ១គ្រឿង ដែលផ្ទុកភ្ញៀវទេសចរប្រមាណ ១,៩៦២នាក់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើដំណើរចូលចតនៅ កំពង់ផែអន្តរជាតិព្រះសីហនុ និងបានឡើងទៅទស្សនាតំបន់ ទេសចរណ៍នានា ក្នុងខេត្តព្រះសីហនុ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានចាត់ទុកថាការចូលទស្សនារបស់ ក្រុមទេសចរតាមនាវានេះ ជាសញ្ញាដ៏ល្អមួយសម្រាប់កម្ពុជា ។

លោក ទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាព Fresh News ថា ការចូលចតនាវា ទេសចរណ៍នេះ ជាកម្មវិធីដើរទស្សនាតាមគោលដៅ របស់ភ្ញៀវបរទេសទាំងនោះ ទោះជាពួកគេមិនបាននៅកម្ពុជាយូរក៏ពិតមែន តែភ្ញៀវទាំងនោះប្រាកដជាបានឃើញភាពស្រស់បៃតង ប្រកបដោយភាពទាក់ទាញរបស់កម្ពុជា ហើយថ្ងៃក្រោយពួកគេអាចនឹងមក ទស្សនាម្ដងទៀត។

លោកថា «អ្វីដែលសំខាន់ ភ្ញៀវទេសចរទាំងនោះ ពួកគេបានស្គាល់កម្ពុជាយើងដែរ ដើម្បីប្រូម៉ូត (Promote) តំបន់ទេសចរណ៍យើងបានខ្លះ ហើយថ្ងៃក្រោយពួកគេនឹងមកទស្សនាទៀត ដូចជាតាមជើងហោះហើរជាដើម»។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ដែរថា នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី៣១ ខែសីហានេះ មាននាវាទេសចរណ៍ ១គ្រឿង ឈ្មោះ DAWN PRINCESS សញ្ជាតិ BERMUDA បានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយផ្ទុកភ្ញៀវទេសចរ ចំនួន១,៩៦២នាក់ ស្រី១,១១២នាក់ មាន៤៨សញ្ជាតិ បានមកទស្សនកិច្ចក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈ ជូនពួកគេផងដែរ។ នាវាទេសចរណ៍ខាងលើនេះ បានចាកចេញពីកម្ពុជាទៅប្រទេសថៃនៅម៉ោង ៤៖០០នាទី ល្ងាចនេះដដែល៕