(ភ្នំពេញ)៖ បន្លែជាអាហារសំខាន់ និងចាំបាច់បំផុត សម្រាប់ជីវិតមនុស្ស។ នៅកម្ពុជាការដាំបន្លែ បងប្អូនប្រជាពលរដ្ឋ មិនសូវនិយមប៉ុន្មាននោះទេ ដោយសារដាំហើយគ្មានទីផ្សារ និងមិនអាចប្រកួតប្រជែង ជាមួយបន្លែ ប្រទេសវៀតណាមបាន។
ប្រទេសកម្ពុជាត្រូវបានគេអះអាងថា បានចំណាយប្រាក់ប្រមាណជា ២០០លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីនាំចូលបន្លែពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម មកផ្គត់ផ្គង់តម្រូវការបន្លែក្នុងស្រុក ដែលចេះតែកើនឡើង។ បើគិតក្នុងមួយថ្ងៃ ប្រទេសកម្ពុជា ត្រូវបាននាំចូលបន្លែចំនួន៤០០តោន។
អ្នកលក់បន្លែ អ្នកហូបបន្លែ ពួកគាត់សុទ្ធតែចង់ឲ្យកសិករកម្ពុជា ដាំបន្លែផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយពួកគាត់អះអាងនឹងគាំទ្រ បើទោះជាតម្លៃថ្លៃក្តី។
អ្នកស្រី គឹមយៀន ជាអាជីវករលក់បន្លែ នៅក្នុងផ្សារដើមគរ បានប្រាប់អ្នកសារព័ត៌មាន Fresh News ថា បន្លែដែលគាត់នាំចូលមកធ្វើការលក់ដូរនេះ គឺភាគច្រើននាំចូលពីប្រទេសវៀតណាម ច្រើនជាងបន្លែក្នុងស្រុក ព្រោះថានៅក្នុងប្រទេសកម្ពុជា ប្រជាកសិករភាគច្រើន ដែលប្រកបមុខរបរនេះ មិនសូវបានផល រីឯចំពោះតម្លៃវិញ គឺថ្លៃថោកទៅតាមរដូវកាលរបស់វា ដូចក្នុងរដូវការនេះ គឺបន្លែក្នុងស្រុកសំបូរដូចច្នេះ គឺតម្លៃវាធូរថ្លៃ តែបើក្នុងរដូវដែលខ្សត់បន្លែវិញនោះ គឺមានតម្លៃខ្ពស់។
អ្នកស្រីបានបន្ដទៀតថា «ជាការពិតបន្លែនាំចូលភាគច្រើន គឺអាចពោរពេញទៅដោយជាតិគីមី ព្រោះគេប្រើជាតិគីមីនេះ ដើម្បីរក្សានៅពណ៌ សម្បុរ និងអាចធ្វើការរក្សាទុកបានក្នុងរយៈពេលយូរ វាច្បាស់ណាស់ថា ពេលដែលប្រជាពលរដ្ឋបរិភោគទៅ គឺអាចនឹងមានបញ្ហា តែពួកយើងមិនដឹងធ្វើម៉េច បើបន្លែក្នុងស្រុកផ្គត់ផ្គង់ មិនគ្រប់គ្រាន់ផង ហើយតម្លៃក៏ថ្លៃផងដែរនោះ»។
អ្នកស្រីក៏បានបញ្ជាក់ទៀតថា ប្រសិនបើមានបន្លែធម្មជាតិច្រើន ក្នុងការផ្គត់ផ្គង់ការលក់ គឺគាត់នឹងជួយគាំទ្រទិញបន្លែធម្មជាតិ មកលក់បន្ដវិញ ទោះបីជាតម្លៃថ្លៃជាងបន្លែនាំចូលបន្ដិចបន្តួចក្ដី។
ចំណែកអ្នកស្រី មី ជាអាជីវករលក់បន្លែក្នុងផ្សារដើមគរ បានឲ្យដឹងថា គ្រប់បន្លែដែលអ្នកស្រីទទួលលក់បន្ដនេះ គឺជាបន្លែដែលដាំដោយបងប្អូនកសិករក្នុងស្រុក នាំចូលពីតាមបណ្ដាលខេត្តមួយចំនួន ហើយនឹងទទួលបន្លែពីប្រទេសជិតខាង មកធ្វើការលក់បន្ដតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះថាបន្លែក្នុងស្រុក គឺជាបន្លែល្អមិនប្រើប្រាស់ជាតិគីមីធម្មជាតិពិតៗ ទោះបីជាតម្លៃលើស ឬក៏ថ្លៃជាងបន្លែនាំចូលក្ដី។
អ្នកស្រីបន្ដទៀតថា ក្នុងមួយថ្ងៃខ្លួននាំចូលបន្លែពី១០០ ទៅ២០០គីឡូក្រាម ចែកចាយបន្ដទាំងលក់រាយ និងបោះដុំ តែបើក្នុងខែ ឬរដូវដែរខ្សត់បន្លែវិញ គឺខ្លួនក៏ទទួលបន្លែពីប្រទេសជិតខាង មកលក់បន្ដដែរ តែគ្រាន់តែថាយូរៗនាំចូលម្ដងប៉ុណ្ណោះ។
ចំណែកឯលោក អ៉ី ជាអ្នកដាំបន្លែធម្មជាតិ នៅក្នុខេត្តមណ្ឌគិរីវិញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News ថា ភាគច្រើនប្រជាពលរដ្ឋ គឺមិនសូវជឿជាក់ថា បន្លែដែលលោកដាំនេះ ជាបន្លែធម្មជាតិនោះទេ មួយទៀតទាក់ទង់នឹងតម្លៃប្រជាពលរដ្ឋតែងតែគិតថា បន្លែក្នុងស្រុកនេះមានតម្លៃថ្លៃជាងបន្លែនៅតាមទីផ្សារមួយចំនួន ឬបន្លែនាំចូល និយាយរួមទៅគឺពួកគាត់អត់សូវគាំទ្របន្លែធម្មជាតិនោះទេ។
លោក អ៉ី បន្ដទៀតថា «បន្លែដែលខ្ញុំលក់ គឺជាបន្លែដែលខ្ញុំដាំដោយខ្លួនឯងផ្ទាល់ សម្រាប់បោះដុំទៅឲ្យផ្សារទំនើបជាច្រើន នៅក្នុងទីក្រុងភ្នំពេញ ដើម្បីលក់ចែកចាយបន្ដ ក៏ដូចជាបោះដុំទៅក្នុងភោជនីយដ្ឋានធំៗ មួយចំនួនដែរ»។
លោកបន្ថែមថា លោកចង់ឲ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់បន្លែធម្មជាតិជាជាង ការប្រើប្រាស់បន្លែនាំចូល ព្រោះបន្លែធម្មជាតិ គឺយើងមានតិចនិច ក្នុងការដាំដោយធម្មជាតិប្រើជីធម្មជាតិ និងមានតិចនិចក្នុងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ហើយយើងអាចមើលឃើញដោយផ្ទាល់ ពីការលូតលាស់របស់បន្លែ។ ក្នុងនោះផងដែរ លោកក៏បានសំណូមពរ ឲ្យប្រជាពរដ្ឋទាំងអស់ជួយគាំទ្រ លើកស្ទួយក៏ដូចជាការលើកទឹកចិត្ត ដល់ប្រជាកសិករ ដែលប្រកបមុខរបរដាំបន្លែនេះ ឲ្យបានច្រើនក៏ដូចជាមានទីផ្សារសម្រាប់ឈរជើងលក់ នៅបន្លែធម្មជាតិនេះផងដែរ និងជៀសវាងពីការគាបសង្កត់ពីឈ្មួញកណ្ដាល ដែលនាំបន្លែទៅលក់បន្ត ។
លោក វុត្ថា ជាអ្នកបរិភោគបន្លែវិញ បានថ្លែងថា ជាធម្មតាសម្រាប់ខ្លួន គឺបរិភោគបន្លែទូទៅមិនដឹងថា បន្លែណាជាបន្លែធម្មជាតិ ឬបន្លែនាំចូលនោះឡើយ ព្រោះភាគច្រើន គឺខ្លួនតែងតែញាំម្ហូបអាហារ ដែលទិញពីខាងក្រៅ មិនដឹងថាបន្លែដែលគេធ្វើជាបន្លែធម្មជាតិ ឬក៏បន្លែមិនធម្មជាតិនោះទេ។
លោក វុត្ថា បន្ដទៀតថា «ពិតណាស់ថាបើយើង បរិភោគអាហារដែលមានជាតិគីមី នោះវាពិតជាប៉ះពាល់ទៅដល់សុខភាព ហើយខ្ញុំគាំទ្រជាខ្លាំង ចំពោះការចែកចាយ ឬទទួលលក់ នូវបន្លែធម្មជាតិ ព្រោះបន្លែធម្មជាតិ គឺជាចេញពីធម្មជាតិពិតៗ មិនប៉ះពាល់ទៅដល់សុខភាព ណាមួយទៀត គឺយើងអាចជួយទៅដល់កសិករ ដែលប្រកបមុខរបរក្នុងស្រុកនេះ អាចឈរជើង នៅលើទីផ្សារបន្លែក្នុងស្រុកបានទៀតផង»៕