(កំពង់ធំ)៖ ម្សិលមិញមានមិត្តអ្នកអានមួយរូប នៅខេត្តកំពង់ធំបានផ្ញើអត្ថបទ មួយសន្លឹកមកអោយ Fresh News ជួយចុះផ្សាយទុក ដូចជាការក្រើនរំលឹក ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាចាប់អារម្មណ៏ និងជួយយកចិត្តទុកដាក់ត្រួតពិនិត្យមើលផង ប្រយ័ត្នលោកប្រធានការិយាល័យគណនេយ្យ និងលោកប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំលេងស្ពិនភ្នែក៤សន្លឹកដូចឆ្នាំកន្លងមកៗទៀត។
រឿងដែលម្ចាស់លិខិត ចង់ក្រើនរំលឹកនោះ គឺជារៀងរាល់ឆ្នាំ អោយតែដល់ពេលបិទបញ្ជីបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំដឹងតែ លោកប្រធានមន្ទីរ និងលោកប្រធានការិយាល័យ គណនេយ្យគាត់ចាប់ផ្ដើម សារ៉េបញ្ជីបំប៉ោងការចំណាយថវិកា ប្រចាំឆ្នាំហើយ ធ្វើ យ៉ាងណាអោយបញ្ជីតួលេខ នៃការចំណាយត្រូវទៅតាមគម្រោង តែធាតុពិតជាក់ស្ដែង ថវិកាទាំងអស់នោះ មិនបានយកទៅចាយ ទៅតាមគម្រោង និងចំគោលដៅនោះឡើយ គឺគេគ្រាន់តែធ្វើបញ្ជីចំណាយតែ លើក្រដាសប៉ុណ្ណោះ ឯសាច់លុយសុទ្ធគឺគេយកចែក តែបក្ខពួកគ្នាឯងប៉ុណ្ណោះ។
ចំណែកអ្នកមិនមែនបក្ខពួក គឺចាំតែអង្គុយស្ងាប និងលួចមើលគេចែកលុយគ្នា ទៅបានហើយ។ តាមលិខិតបានលើកឡើងថាលោក ស្រី សុីន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ និងលោក ឡាយ សុខៃ ប្រធានការិយាល័យ គណនេយ្យរបស់មន្ទីរ ពួកគាត់ទាំងពីរនាក់ នៅតែកាក់កបនឹងការកិបកេង ថវិការដ្ឋដដែល ទោះបីរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ ស៊ីជម្រៅលើការចំណាយថវិកាជាតិ យ៉ាងណាក្ដី។ហើយទឹកប្រាក់ជាតិ ដែលបាត់បង់ នៅក្នុងមន្ទីរសុខាភិបាល ខេត្តកំពង់ធំនៅឆ្នាំ ២០១៤ គឺមានមិនតិចជាង ៨០០លានរៀលនោះទេ និងសម្រាប់ឆ្នាំ ២០១៥ ក៏មិនតិចជាង ៣០០លានដែរ។
ប្រភពបានបញ្ជាក់ថា នៅឆ្នាំ២០១៤ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចំណាយថវិការជាតិសរុបអស់ រហូតដល់ ៩២៧១ លានរៀល ស្មើរនឹង៩២,៦% នៃគម្រោងថវិកាជាតិ ដោយក្នងនោះចំណាយ លើបន្ទុកបុគ្គលិកចំនួន ៦៣៤០លានរៀល ចំណាយលើ ការទិញអស់ប្រាក់ ១៦៩៧លានរៀល ចំណាយលើសេវាខាងក្រៅ ក្នុងករណីពិសេសលើការថែទាំ និងជួសជុលអស់ប្រាក់ចំនួន ៤៨៤លានរៀល និងចំណាយលើសេវាផ្សេងៗ អស់ចំនួន ៣៤៨លានរៀលរួបរួម នឹងការចំណាយ លើការផ្គត់ផ្គង់ថ្នាំពេទ្យ សម្ភារៈពេទ្យ របបអាហារអ្នកសម្រាកពេទ្យ អស់ ៣៩៨លានរៀល ប៉ុន្តែការចំណាយទាំងនេះ គ្រាន់ជាតួលេខដែលលោក ស្រី សុីន នឹង លោក ឡាយ សុខៃ បានដកសាច់ប្រាក់ យកមកចាយតែប៉ុណ្ណោះ។
ចំពោះការចំណាយមួយចំនួន គឺជាតួលេខបំប៉ោង រួមនឹងតួលេខខ្យល់ ដើម្បីបន្លំយកថវិកាជាតិមកចែកគ្នាធ្វើមានបាន ហើយទឹកប្រាក់ ដែលបាត់បង់ដោយអំពើពុករលួយ គឺមិនតិចជាង ៨០០លានរៀល នោះទេនៅឆ្នាំ ២០១៤ ។ សម្រាប់ឆ្នាំ ២០១៥ ដែលជាឆ្នាំកែទម្រង់លើហិរញ្ញវត្ថុ សាធារណៈនោះ ក៏លោក ស្រី សុីន និង លោកឡាយ សុខៃ កឹបកេង បានមិនតិចជាង ៣០០លានរៀលដែរ លើទឹកប្រាក់ជាតិដែលបាន ចំណាយសរុប ៩២៣២ លានរៀល ស្នើរនឹង ៨០,៦៩%នៃគម្រោងថវិកាជាតិ។
ហើយមូលហេតុឆ្នាំ ២០១៥ ពួកគេទាំងពីរនាក់ មិនអាចកឹបកេងថវិកាជាតិ បានច្រើនដូចឆ្នាំមុន ត្រូវបានគេអះអាងថា ដោយសារការរៀបគម្រោងចំណាយ តាមកម្មវិធីមិនទាន់ ទើបធ្វើអោយ ជាប់គាំងនៅគម្រោងចំណាយជាច្រើន ជាពិសេសផ្នែកថែទាំ និងជួសជុលដែលជាខ្ទង់ប្រាក់ធំមួយ របស់មន្ទីរ។ ជុំវិញរឿងអាស្រូវខាងលើ ដែលគេលើក មកនិយាយនេះគ្រាន់តែជាគោលៗប៉ុណ្ណោះ ចំពោះរបៀបនឹងចំណុច លំអិតនៃការប្រព្រឹត្ត នោះនៅមានច្រើនទៀតដែល កន្លងមកក្រុមអធិការកិច្ច និងសវនកម្មចម្រុះ មើលមិនឃើញ ព្រោះទំនងបានសើមមាត់សើមកនឹងគេដែរ។ដូច្នេះ ហើយទើបម្ចាស់លិខិត ទំលាយចេញជាសាធារណៈ ដើម្បីអោយថ្នាក់ដឹកនាំ បានជ្រាបអោយហើយ ងាយស្រួលមានវិធានការទប់ស្កាត់។
ពាក់ព័ន្ធមិត្តអ្នកអានសរសេរលិខិត ធ្វើការចោទប្រកាន់ខាងលើនេះ គេនៅមិនទាន់ដឹងថាជារឿង ពិតឬជារឿងចោទប្រកាន់ មិនពិតផ្ដើម ចេញពីរឿងកាច់កុងគ្នាឬយ៉ាងណានោះទេ។ ដូចនេះ ដើម្បីចង់ដឹងការពិតថា តើលោកប្រធានមន្ទីរ និងលោកប្រធានការិយាល័យ គណនេយ្យខូច ឬក៏ស្អាតស្អំយ៉ាងណានោះ មានតែថ្នាក់ដឹកនាំបើកធ្វើការសើុបអង្កេត ដោយតម្លាភាពតែប៉ុណ្ណោះ៕