(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាប ករណីចែកចាយគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ១១នាក់ ក្នុងនោះចាប់ខ្លួនចំនួន ៧នាក់ នៅខណ្ឌពោធិ៍សែនជ័យ និង៤នាក់ទៀត នៅខណ្ឌទួលគោក។
លោក ជឹម ឬទ្ធី មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងនៅចំណុច បន្ទប់ជួលលេខ 4C, 7C, 8C ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅដោយ ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រី ២នាក់។
ជនសង្ស័យទាំង ៧នាក់ នេះរួមមាន៖ ទី១-ឈ្មោះ ហង្ស សាត អាយុ៣២ឆ្នាំ ទី២-ឈ្មោះ សុខ ឈាន អាយុ៣០ឆ្នាំ ទី៣-ឈ្មោះ ច្រឹង ម៉ៅ អាយុ៤៥ឆ្នាំ ទី៤-ឈ្មោះអៀប បរស្មី អាយុ២០ឆ្នាំ ទី៥-ឈ្មោះ មាស ដាវុធ អាយុ២៣ឆ្នាំ ទី៦-ឈ្មោះ ទឹង សម្ផស្សភេទស្រី២១ឆ្នាំ និងទី៧-ឈ្មោះ វឹន ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ។
លោកមេបញ្ជាការ បានបន្តទៀតថា ក្រោយការសាកសួរជនសង្ស័យឈ្មោះ ហង្ស សាត រួចនៅវេលាម៉ោង ២រសៀល កម្លាំងយើងបានបន្តសហការ ជាមួយកម្លាំង អ.ហ ខណ្ឌទួលគោក ក្រោមការ សម្របសម្រួលពី តំណាងអយ្យការផងនោះ បានបន្តឆែកឆេនៅសំណង់ អនាធិប្បតេយ្យស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយធ្វើការឃាត់ខ្លួនមនុស្សបាន ៤នាក់បន្ថែមទៀត។
ជនសង្ស័យទាំង ៤នាក់ នេះរួមមាន៖ ទី១-ឈ្មោះ ញេប មករ៉ា អាយុ២៩ឆ្នាំ ទី២-ឈ្មោះ ដង សុភាព អាយុ៣៧ឆ្នាំ ទី៣-ឈ្មោះ ភី ឈុនលី អាយុ២៧ឆ្នាំ ទី៤-ឈ្មោះ វណ្ណគីរក្ស អាយុ១៩ឆ្នាំ។ បើតាមលោក ជឹម ឬទ្ធី ក្រោយបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងរបស់លោកបានដកហូតថ្នាំញៀន៣៣កញ្ចប់ ប្រដាប់ឆ្កឹះសោចំនួន៤ ទូរស័ព្ទចំនួន៥គ្រឿង ប្រដាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន លុយចំនួន៦ម៉ឺនរៀល ជញ្ជីងថ្លឹង៣ ស្លាកលេខម៉ូតូ២ ដាវ២ ថង់ច្រកមួយចំនួនធំ និងម៉ូតូ៧គ្រឿង។
សម្រាប់ជនសង្ស័យទាំង ១១នាក់ កំពុងសហការជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន អ.ហ រាជធានីដើម្បីបន្តនីតិវិធី៕