(ភ្នំពេញ)៖ លោក ស្ដេហ្វាន ឌីយ៉ុន រដ្ឋមន្ដ្រីការបរទេសកាណាដា នឹងមកទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ។
សេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បញ្ជាក់ថា អំឡុងទស្សនកិច្ចនេះ លោក ស្ដេហ្វាន ឌីយ៉ុន នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ។
បន្ថែមពីនោះ លោករដ្ឋមន្ដ្រីការបរទេស នឹងជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុម រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ផងដែរ៕