(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោកបានត្រៀមខ្លួនរួចរាល់ ហើយក្នុងការពន្យល់រឿងរ៉ាវគ្រប់យ៉ាង ទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលនាំឲ្យមនុស្សស្លាប់ កើនឡើងដល់ជាង ២,០០០នាក់ ទៅកាន់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន ដែលនឹងធ្វើឡើងនៅអំឡុងខែកញ្ញា នាប្រទេសឡាវ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។
វានឹងក្លាយជាជំនួបដំបូងហើយ រវាងលោក Duterte និងលោក អូបាម៉ា ហើយនៅក្នុងសន្និសីទសារព័ត៌មាន មួយអ្នកសារព័ត៌មាន សួរលោកប្រធានាធិបតីហ្វីលីពីន រូបនេះថា តើលោក Duterte នឹងទទួលយកឬបកស្រាយ យ៉ាងដូចម្តេចប្រសិនបើមាន ការលើកឡើងពី បញ្ហាសិទ្ធិមនុស្ស ដោយប្រធានាធិបតីអាមេរិក? លោក Duterte បានបកស្រាយថា «យើងត្រូវរង់ចាំមើលថា តើការលើកឡើងនោះ ដល់កម្រិតណា ពីព្រោះពួកគេត្រូវស្វែង យល់អំពីបញ្ហាជាមុនសិន មុននឹងយើងចាប់ផ្តើម ពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស»។
គួរបញ្ជាក់ថា មិនត្រឹមតែអង្គការសហប្រជាជាតិនោះទេ សូម្បីតែសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និត ជាមួយប្រទេសហ្វីលីពីន តាមរយៈក្រសួងការបរទេសអាមេរិក បានធ្វើការរិះគន់ និង បង្ហាញក្តីព្រួយបារម្ភ ជាច្រើនលើករួចមកហើយ អំពីការសម្លាប់រង្គាលមនុស្ស ក្រៅប្រព័ន្ធតុលាការរបស់ហ្វីលីពីន។ តាមរបាយការណ៍ចុងក្រោយ របស់ស្ថាប័នប៉ូលិសហ្វីលីពីននោះ ជនសង្ស័យនិង អ្នករត់ពន្ធគ្រឿងញៀនជាង ២,០០០នាក់ហើយ ត្រូវបានបាញ់សម្លាប់ ក្នុងរយៈពេលពីរខែ នៃការកាន់អំណាច របស់លោក Duterte៕