(តាកែវ)៖ លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា តំណាងឱ្យលោក ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយមន្ត្រីសាខាខេត្ត និងអនុសាខាក្រុងដូនកែវ បានចុះសួរសុខទុក្ខគ្រួសារ ដែលមានកូនភ្លោះប្រុសបីនាក់ ដែលជាកូនដំបូងសម្រាប់គ្រួសារនេះ ដែលមានប្តីឈ្មោះ ឡេង វណ្ណឌី អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ អាន បុប្ផា អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
សូមបញ្ជាក់ថា ក្រុមគ្រួសារនេះ កាលពីមុនរស់នៅខេត្ត សៀមរាប ក៏បានប្រសូត្របុត្រភ្លោះនេះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ គ្រួសារនេះ ក្រោយពីប្រសូត្របុត្រទាំងបីនេះរួច ធ្លាប់បានទទួលអំណោយពី សម្តេចតេជោ នាយករដ្ឋមន្រ្តី ម្ដងរួចហើយ ក្រោយពីសម្រាលកូនភ្លោះបីនាក់នេះរួចហើយ ដោយជីវភាពខ្វះខាត ក៏សម្រេចចិត្តមកនៅស្រុកកំណើតខាងប្តីវិញនៅខេត្តតាកែវ។ បច្ចុប្បន្នទាំងម្តាយ និងទារកភ្លោះទាំងបីនាក់មានសុខភាពល្អធម្មតា ហើយកូនភ្លោះទាំងបីនោះមានអាយុជាងបីខែហើយ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ក៏បាននាំយកថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ទៅប្រគល់ជូនរួមមាន ទឹកដោះគោណេសស្លេម៉្សៅ ២៤កំប៉ុង មុង១ ភួយ១ សារុង១ ក្រម៉ា១ កន្សែងពោះគោធំ ២ សម្រាប់ម្តាយ កន្សែងពោះគោតូច ៦ សម្រាប់កូន ខោ អាវ មួក ស្រោមដៃ ស្រោមជើង ៦កំប្លេ កំរាលពូក ខ្នើយ ខ្នើយអោប ៣ កំប្លេ សាប៊ូកូដូមោ ៣ដប ម៉្សៅណារ៉ាក់ ៣កំប៉ុង ប្រេងកូឡាតាប៉ិ ៣ដប និងថវិកា ៣០ម៉ីនរៀល។
ជាមួយគ្នានោះ លោក ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានសន្យាផ្តល់ទឹកដោះគោឱ្យទារក ទាំងបីនាក់ រហូតដល់អាយុ៦ខែ ផងដែរ៕