(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា នៅឆ្នាំ ២០១៥ កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់ជំនួយ និងប្រាក់កម្ចីជាង ២០០លានដុល្លារ ដល់ប្រទេសកម្ពុជា ខណៈដែល ៥ខែ ឆ្នាំ២០១៦នេះ ជប៉ុនក៏បានផ្តល់ជំនួយ ១១លានដុល្លារដែរ។
ការអះអាងរបស់ លោក ប្រាក់ សុខុន បានធ្វើឡើងតាមរយៈសុន្ទរកថាមួយ នៅក្នុងពិធីចុះហត្ថលេខា លើការផ្តល់ជំនួយឥតសំណង របស់ជប៉ុនចំនួន ៨៩៣លានយេនដល់កម្ពុជា សម្រាប់គម្រោង ពង្រីកបណ្តាញចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់ប្រទេសកម្ពុជា នៅក្រសួងការបរទេស នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦នេះ។
លោកបានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានជំនួយឥតសំណងសរុប ៧,៩៩៩លានយ៉េន (ប្រហែល៦៧.៤៥លានដុល្លារអាមេរិក) និងកម្ចីសម្បទាន១៧,២៩៨លានយ៉េន (ប្រហែល១៤៦.៦លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន។ រយៈពេល ៥ខែដំបូង ឆ្នាំ២០១៦ កម្ពុជាទទួលបានជំនួយ ១.២២៥លានយ៉េន (ប្រមាណ១១លានដុល្លាអាមេរិក) ក្នុងនោះមានជំនួយឥតសំណងផងដែរ។ ជំនួយឥតសំណង ២បន្ថែមទៀត សម្រាប់ដោះមីន និងសម្រាប់រថយន្តសាធារណៈក្រុងភ្នំពេញ កំពុងស្ថិតនៅក្នុងផែនការ ផ្តល់ជំនួយ ដែលខ្ញុំ និងឯកអគ្គរាជទូតជប៉ុន នឹងចុះហត្ថលេខាឆាប់ៗនេះ»។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ជំនួយអភិវឌ្ឍន៍ដែលផ្តល់ដោយ រដ្ឋាភិបាលជប៉ុនចំពោះកម្ពុជា បានរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ហើយជួយកម្ពុជាឱ្យរក្សា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន ៧%៕