(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការរៀបចំ មហោស្រពតន្រ្តី ចម្រៀងសម័យថ្នាក់ជាតិ ២០១៦ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញប្រកាសបិទកម្មវិធី មហោស្រពតន្រ្តីចម្រៀងសម័យថា្នក់ជាតិ ២០១៦ ដែលជាការប្រឡងផ្ដាច់ព្រ័ត្រ នៃសិល្បចម្រៀងសម័យថ្នាក់ជាតិ នាសាលសន្និសីទចតុមុខ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានឱ្យដឹងថា សិល្បតន្រ្តីចម្រៀងសម័យទំនើប ជាសិល្បៈម្យ៉ាង ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្ស លើសសិល្បៈដទៃទៀត។
លោករដ្ឋមន្រ្តីបន្តថា «ការថែរក្សាការពារ និងអភិវឌ្ឍន៍វប្បធម៌សិល្បៈ ឱ្យមានដួងព្រលឹង ពណ៌សម្បុរជាខ្មែរ ត្រូវផ្ដើមឡើងពីក្នុងជម្រៅបេះដូង នៃមនុស្សម្នាក់ៗសិន ទើបអាចក្លាយទៅជាចលនាមួយទូទាំងប្រទេស»។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងគណៈកម្មការផ្ដល់ពិន្ទុ បានឱ្យដឹងដែរថា កម្មវិធីមហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិ ២០១៦នេះ មានផលវិបាក៣ចំណុច រួមមាន៖ ទី១.ការប្រមូលក្រុមតន្ត្រីឱ្យចូលរួមប្រឡង ពីរាជធានី និងបណ្ដាខេត្តនានា, ទី២.ក្រុមតន្រ្តីទាំងអស់ធ្លាប់តែប្រគុំ និងសម្ដែងបទចម្រៀងចម្លងតាមបរទេស និងបទដែលមានស្រាប់ ចំពោះបទចម្រៀងស្នាដៃថ្មីពុំសូវមាននោះទេ, និងទី៣.គណៈកម្មការរៀបចំមហោស្រពនេះ គឺមិនបានយកថវិកាជាតិមកចំណាយនោះទេ គឺត្រូវកៀរគរថវិការឧបត្ថម្ភ ពីបណ្ដាសប្បុរសជន ស្ថាប័ន ក្រុមហ៊ុនឯកជននានា (មិនមែនផ្សព្វផ្សាយពាណិជ្ជកម្ម) ដើម្បីចូលរួមជំរុញ និងលើកស្ទួយការបង្កើតស្នាដៃថ្មីៗ។
សម្រាប់ជយលាភីក្រុមតន្ត្រីដែលចូលរូមប្រឡងផ្ដាច់ព្រ័ត្រក្នុងកម្មវិធីព្រឹកថ្ងៃនេះ គឺ ក្រុមតន្ត្រីមកពី ខេត្តពោធិ៍សាត់ ជាអ្នកទទួលជយលាភីលេខ១, ក្រុមតន្រ្តីខេត្តស្វាយរៀងទទួលជយលាភីលេខ២, និងជយលាភីលេខ៣ បានទៅលើក្រុមតន្រ្តីខេត្តកំពង់ស្ពឺ។
មហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិ ២០១៦នេះ ធ្វើឡើងចំនួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១១, ឆ្នាំ២០១៣, និងឆ្នាំ២០១៥ ចំណែកលើកទី៤ ក្នុងឆ្នាំ២០១៦នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២២-៣១ ខែសីហា ដែលមានចំនួន៣វគ្គ និងមានក្រុមតន្រ្តី២០ក្រុម ចលនារួមប្រកួតប្រជែង។ ដោយសារមហោស្រពចម្រៀងសម័យថ្នាក់ជាតិនេះ ប្រព្រឹត្តទៅទទួលបានជោគជ័យ និងរលូនយ៉ាងល្អ, នៅខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ក្រសួងព័ត៌មាននឹងរៀបចំព្រឹត្តិការណ៍នេះទៀត ដើម្បីចូលរួមលើកទឹកចិត្តដល់សិល្បករ-ការិនីកម្ពុជា ឱ្យបង្កើតស្នាដៃថ្មីៗខ្លួនឯង និងដើម្បីរួមចំណែក លើកស្ទួយវប្បធម៌សិល្បខ្មែរ ឱ្យកាន់រីកចម្រើនទៅមុខ៕