(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រសួងការពារជាតិ ស្តីពីខ្លឹមសារការងារប្រវត្តិសាស្ត្រយោធា អត្ថន័យ និងសមិទ្ធផលនយោបាយឈ្នះ-ឈ្នះ ព្រមទាំងចែករំលែកបទពិសោធន៍នៃការរៀបចំសារមន្ទីរមរតកពិជ័យសេនា។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រវត្តិសាសាស្ត្រយោធា អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ត្រី ប៊ុន ស្រុង នាយករង នាយកដ្ឋានកិច្ចការដ្ឋបាល និងជាអនុប្រធានក្រុមការងារ ប្រវត្តិសាស្ត្រយោធា អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានធ្វើបទបង្ហាញជុំវិញការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ខ្លឹមសារការងារប្រវត្តិសាស្ត្រយោធា អត្ថន័យ និងសមិទ្ធផលនយោបាយឈ្នះ-ឈ្នះ ព្រមទាំងចែរំលែកបទពិសោធន៍នៃការរៀបចំសារមន្ទីរមរតកពិជ័យសេនាផងដែរ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានថ្លែងថា ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ នាពេលនេះ គឺបានធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុម ប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ និងប្រសាសន៍ណែនាំបន្ថែមលើការងារប្រវត្តិសាស្ត្រយោធា ពីសំណាក់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការទសផងដែរ។

ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ ក៏បានសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមគ្គុទ្ទេសន៍ឯក ជាវីរបុរស ជាតិដែលបានផ្តួចផ្តើមដឹកនាំដាក់ចេញ នយោបាយឈ្នះឈ្នះ និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាប្រតិបត្តិករដ៏ឆ្នើមសំខាន់មួយរូបក្នុងការចូលរួមអនុវត្តយោបាយ ឈ្នះឈ្នះ ។

ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បន្តថា នយោបាយឈ្នះឈ្នះ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ បញ្ចប់នូវសង្គ្រាមស៊ីវិល និងការបែងចែកទឹកដី ចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលនាំមកនូវសន្តិសុខ ស្ថេរភាព បង្កភាពងាយស្រួលដល់ការអភិវឌ្ឍប្រទេស ផ្តល់ភាពសុខសាន្ត ដល់ប្រជាពលរដ្ឋ ធ្វើឲ្យវិស័យសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតមានការរីកចម្រើនជាលំដាប់ដល់បច្ចុប្បន្ននេះ។

ព្រមទាំងបានគោរព និងគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចេញអនុក្រឹត្យកំណត់យកថ្ងៃ២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា ដែលជាថ្ងៃបុណ្យជាតិផ្លូវការ និងជាថ្ងៃឈប់សម្រាកជាសាធារណៈ និងថ្លែងអំណរគុណ ជូនចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែយកចិត្តទុកដាក់គិតគូបង្កើននូវសមត្ថភាព ទាំងចំណេះដឹងជំនាញ នឹងចំណេះដឹងទូទៅ ដល់នាយទាហាន ពលទាហាន គ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងការចូលរួមកិច្ចការពារ និងអភិវឌ្ឍជាតិ។

ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋបានបញ្ជាក់ថា ការយល់ដឹងអំពីប្រវត្តិសាស្ត្រមានសារៈប្រយោជន៍ខ្លាំងណាស់ ទី១ ជួយបំផុសមនសិការស្នេហាជាតិ ទី២ ជាបទពិសោធន៍ដ៏ល្អ សម្រាប់ដកស្រង់រៀបចំអនុវត្តបន្ត ទី៣ បញ្ចៀសសោកនាដកម្មក្នុងអតីតកាលកុំឲ្យកើតឡើងទៀត ក្នុងបច្ចុប្បន្ន និងអនាគត និងទី ៤ ប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានមួយយ៉ាង ល្អសម្រាប់សិក្សាមុខវិជ្ជាដទៃទៀត។ ហើយជាគ្រោះថ្នាក់នៅពេលពលរដ្ឋ នៃប្រទេសមួយពុំចេះប្រវត្តិសាស្ត្រជាតិរបស់ខ្លួន។ ប្រវត្តិសាស្រ្តជាប្រទីប ជួយបំភ្លឺផ្លូវពលរដ្ឋយើងបាន ហើយចំណេះដឹងនេះមិនមែនសម្រាប់តែមេដឹកនាំនយោបាយទេ គឺជាចំណេះដឹង ដែលតម្រូវឲ្យខ្មែរគ្រប់រូបត្រូវតែចេះ៕