(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណាន លើកទី៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ចំថ្ងៃប្រសូតសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ ទាំងអស់គ្នាក្នុងជីវិត»។ តាមរយៈទំព័រ Facebook ផ្លូវការ ក្រសួងអប់រំ ក៏បានជំរុញមហាជន បញ្ចេញមតិយោបល់ មាតិកា រូបភាព វីដេអូ ទាក់ទងនឹងអំណាន ដើម្បីលើកកម្ពស់អំណាននៅកម្ពុជា ហើយក្រសួងនឹងជ្រើសរើស មាតិកាល្អៗ ចែករំលែកនៅលើទំព័រ។

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានចាត់ទុកថា ទិវាជាតិអំណាន លើកទី៩ ជាព្រឹត្តិការណ៍ដ៏ពិសេស។ ពិសេសនៅត្រង់ថា ទិវាជាតិអំណាន លើកទី៩ ធ្វើចំថ្ងៃប្រសូត្ររបស់សម្តេចសង្ឃ ជួន ណាត គឺជាការរំឭក ទៅដល់អ្នកប្រាជ្ញនៅស្រុកខ្មែរមួយរូប។ លោកបន្ថែមថា ជាមួយគ្នានេះ វាជាការបណ្តុះឲ្យមានទម្លាប់ការអាន និងសមត្ថភាពការអានរបស់កុមារឡើងវិញ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំនេះ។

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏នឹងប្រកូកប្រកាសទៅសមាជិក ដើម្បីប្រារព្ធទិវាអំណាន នៅថ្ងៃដែលកំណត់ដោយក្រសួងអប់រំ។ លោករំពឹងថា ទិវានេះនឹងជួយកុមារ ជាពិសេសសិស្ស ឲ្យមានសមត្ថភាពអាន បានល្អប្រសើរជាងមុន។

លោក គង់ សំនៀង បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹង នេះជារឿងដែលល្អ ហើយខ្ញុំសូមគាំទ្រទាំងស្រុង ទៅលើកម្មវិធីទិវាអំណាន។ ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែគិតគូរ ហើយលោកតែងតែចាត់ទុកវិស័យអប់រំ ជាអាទិភាព ជាកម្មវិធីស្នូល សម្រាប់ធ្វើយ៉ាងម៉េច ឲ្យប្រជាជាតិកម្ពុជាយើង មានគុណភាព មានការយល់ដឹង មានចំណេះដឹងខ្ពង់ខ្ពស់ ហើយវាជាដើមហេតុមួយ ធ្វើឲ្យប្រទេសកម្ពុជាយើង រីកចម្រើន។ លោក តែងតែផលិតកម្មវិធីជាច្រើន ធ្វើយ៉ាងម៉េចឲ្យមូលធនកម្ពុជាយើង ឆ្លើយតបនឹងតម្រូវការសាកល ហើយមានជំនាញគ្រប់គ្រាន់ ក្នុងសតវត្សរ៍នេះ ផងដែរ»

ឧកញ៉ា ប៉ិច បូឡែន អ្នកជំនាញវិស័យអប់រំ ក៏បានថ្លែងថា ទិវាជាតិអំណាន ជារឿងសំខាន់ណាស់ ខណៈក្រសួងអប់រំ ធ្វើត្រូវហើយ នៅក្នុងការជំរុញមូលដ្ឋានគ្រឹះអំណាន និងបង្កើតទម្លាប់ការអាន ព្រោះការអាននេះជាមូលដ្ឋាននៃការស្រាវជ្រាវ ពោលកាន់តែអាន កាន់តែមានជំនាញក្នុងការនិយាយ និងសរសេរ។ លោកបន្តថា បើសិនជាមិនមានការជំរុញការអានទេ អ្នកនិពន្ធសៀវភៅ និងអ្នកសរសេរសៀវភៅ ក៏មិនមានការរីកចម្រើនដែរ អីចឹងនៅពេលមានការអាន វាក៏លើកទឹកចិត្តដល់អ្នកនិពន្ធ ឲ្យខំសរសេរសៀវភៅ ជាពិសេសអំណានជាភាសាខ្មែរយើង។

អគ្គនាយកនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា «យើងខ្វះខាតសៀវភៅខ្មែរយើងច្រើន អីចឹងនៅពេលមានការអាន អ្នកតាក់តែងនិពន្ធក៏កាន់តែច្រើន។ ការអាន ក៏បង្កើតគំនិតត្រិះរិះពិចារណា ព្រោះប្រភពនៃចំណេះ មាននៅក្នុងការអាននេះហើយ ដូចមានសុភាសិតមួយនិយាយថា មនុស្សយើងនឹងមានភាពប្រែប្រួលជាវិជ្ជមាន ដោយសាររឿង២ ទី១ មនុស្សល្អដែលយើងបានជួប និងទី២ បានជួបសៀវភៅល្អមួយក្បាលដែលយើងបានអាន»

ឆ្នាំ២០២៣ កន្លងទៅ ក្រសួងអប់រំបានបញ្ជាក់ថា នៅទូទាំងពិភពលោកកុមារទៅរៀននៅសាលា គឺមិនចេះអានអក្សរ និងមិនចេះសរសេរបានត្រឹមត្រូវមានប្រមាណជា ៣០ ទៅ ៤០ ភាគរយ ដែលធ្វើឱ្យប៉ះពាល់គុណភាពអប់រំ។ តាមរយៈតួលេខនេះមានន័យថា មិនត្រឹមតែនៅកម្ពុជាទេ គឺប្រមាណជា ៥០០ លាននាក់ ក្នុងពិភពលោកសិស្សដែលទៅរៀននៅសាលាហើយមិនចេះអាន និងសរសេរស្ទាត់ជំនាញ។

លោក ប៉ិច បូឡែន សង្កេតឃើញថា សាលាឯកជន និងសាលារដ្ឋ មិនសូវមានការហ្វឹកហាត់ការអានអក្សរសាស្ត្រខ្មែរឡើយ។ លោកគិតថា ទិវាជាតិអំណាន មិនគ្រាន់តែជាទិវាមួយ ដែលត្រូវតែចូលរួមប្រចាំឆ្នាំទេ តែត្រូវបង្កើតឲ្យជាទម្លាប់នៃការអានតែម្តង។​

ពាក់ព័ន្ធយុទ្ធសាស្ត្រ លើកកម្ពស់ការអាន ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា៖

* ទី១៖ សាលាត្រូវសម្រាំងសៀវភៅល្អៗ ដើម្បីឲ្យសិស្សចាប់អារម្មណ៍ក្នុងការអាន។
* ទី២៖ គ្រូនៅក្នុងថ្នាក់ គួរតែដាក់លំហាត់ជាកិច្ចការផ្ទះ ដើម្បីឲ្យសិស្សអានជាមេរៀននៅទំព័រណា និងអានរបៀបម៉េច ដើម្បីឲ្យសិស្សស្រាវជ្រាវ ហើយត្រលប់មកសាលាវិញ គាត់អាចសង្ខេបខ្លឹមសារ ដើម្បីប្រាប់មកអ្នកនៅក្នុងថ្នាក់។
* ទី៣៖ អាចឲ្យអាណាព្យាបាលបង្កើតជាបណ្ណាល័យគ្រួសារ អីចឹងនៅតាមផ្ទះនីមួយៗ គួរបង្កើតបណ្ណាល័យតូចមួយ ទោះសៀវភៅតិចក៏ដោយ។
* ទី៤៖ បណ្ណាល័យសហគមន៍ មិនថាឯកជន ឬរដ្ឋទេ គួរតែអភិវឌ្ឍបន្ថែម តាមរយៈមូលនិធិឃុំ-សង្កាត់ ឬក៏មូលនិធិដោយផ្ទាល់ ពីក្រសួងអប់រ ឬមូលនិធិណាមួយ ដើម្បីបង្កើតបណ្ណាល័យតាមសហគមន៍។

ជាមួយគ្នានេះ លោក គង់ សំនៀង បានមើលឃើញថា នៅទូទាំងពិភពលោកកុមារទៅរៀននៅសាលា គឺមិនចេះអានអក្សរ និងមិនចេះសរសេរបានត្រឹមត្រូវមានប្រមាណជា ៣០ ទៅ ៤០ ភាគរយ ដោយសារបញ្ហាកូវីដ១៩ អូសបន្លាយ។ លោកបានលើកឡើងថា ដោយសារកុមារ មុននឹងគាត់មកដល់ថ្នាក់ទី១ ត្រូវឆ្លងកាត់ថ្នាក់មត្តេយ្យ រួមមាន មត្តេយ្យកម្រិត១ មត្តេយ្យកម្រិត២ និងមត្តេយ្យកម្រិត៣។

លោក គង់ សំនៀង បានបន្តថា «នៅថ្នាក់ទី១ បើកុមារមានមូលដ្ឋានគ្រឹះនៅក្នុងអំណាន និងមានមូលដ្ឋានគ្រឹះអក្ខរក្រម អីចឹងគាត់នឹងចាប់កម្រិតថ្នាក់នេះបានប្រសើរ។ ដោយឡែក ដំណាក់កាលកូវីដ ចាប់ផ្តើមពី ២០១៩ ដល់ចុង ២០២១ ដើម ២០២២ ទើបយើងស្រាកស្រាន្ត។ យើងគិតមើល រយៈពេលនេះ វាពិតជាប៉ះពាល់ ហើយវាជាការព្រួយបារម្ភ សម្រាប់មាតាបិតាសិស្ស និងសម្រាប់សាលាទាំងមូលដែរ»

បើតាមប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ការរៀនតាមអនឡាញ មានទាំងផលល្អ និងផលរំខាន។ ផលល្អ ទោះមិនបានផលល្អខ្លាំង តែយ៉ាងហោចណាស់ក៏កុមារបានស្គាល់អក្សរខ្លះដែរ។ ប៉ុន្តែ ចំពោះផលរំខាន បែរជាកុមារគាត់ស្រលាញ់ទូរសព្ទ និងប្រើប្រាស់ទូរសព្ទច្រើន។

លោកបញ្ជាក់ថា «ទោះបីបញ្ចប់ដំណាក់កាលកូវីដក៏ដោយ ក៏គាត់និយាយលក្ខខណ្ឌជាមួយឪពុកម្តាយគាត់ថា ដើម្បីឲ្យគាត់ធ្វើនេះធ្វើនោះ ទាល់តែគាត់សុំទូរសព្ទមើល។ ទាល់តែគាត់មើលតាមទូរសព្ទ ទើបវាទៅរួច តាមពិតវាមានផលរំខានច្រើន ចំពោះកុមារដែលប្រើទូរសព្ទ»

ជាយុទ្ធសាស្ត្រ ក្នុងការជួយដល់ការអាន លោក គង់ សំនៀង បានឲ្យដឹងថា សមាជិកសហព័ន្ធសេវាអប់រំកម្ពុជា កំពុងធ្វើនៅសាលាឯកជន គឺផ្តោតលើកុមារថ្នាក់ទី១ និងទី២ លើការអានពាក្យ ព្រោះសមាជិកសហព័ន្ធក៏មានផលមិនល្អពាក់ព័ន្ធនឹងការអាន។ អីចឹង សាលាលើកទឹកចិត្តឲ្យមានការអាន និងមានកម្មវិធីការអាន។

សាលា បានសហការជាមួយអាណាព្យាបាល ដោយពេលនៅផ្ទះ កុំឲ្យកុមារនៅកៀកទូរសព្ទពេក ឲ្យគាត់នៅកៀកនឹងសៀវភៅឲ្យបានច្រើន កាន់សៀវភៅឲ្យបានច្រើន។ ជាមួយគ្នានេះ ពេលដើរកម្សាន្ត យើងលើកទឹកចិត្តអាណាព្យាបាលជំរុញឲ្យកូនអាន។

សូមជម្រាបថា ទិវាជាតិអំណាន លើកទី៩ ក៏មានការតាំងពិព័រណ៍សៀវភៅ ចំនួន ៣ថ្ងៃ នៅថ្ងៃទី០៩-១០-១១ ខែមីនា ឆ្នាំ២០២៤ (សៅរ៍-អាទិត្យ-ចន្ទ) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់៕