(សឹង្ហបុរី)៖ កងទ័ពជើងគោកកម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ តាមរយៈការហ្វឹកហ្វឺន និងការផ្លាស់ប្តូរ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក ទាំងពីរ ស្របតាមគោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នាក្នុងអំឡុងកិច្ចប្រជុំពហុមេបញ្ជាការរកងទ័ពជើងគោកអាស៊ាន លើកទី២៤ នៅប្រទេសថៃ។

ក្នុងឱកាសចូលរួមកម្មវិធី Singapore Airshow 2024 នៅប្រទេសសិង្ហបុរី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ David Neo មេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណអរគុណ ដល់កងទ័ពជើងគោកសិង្ហបុរី ដែលបានចាត់បញ្ជូនក្រុមការងារហ្វឹកហ្វឺន និងប្រតិភូនាយទាហានវ័យក្មេង ទៅកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៣កន្លងទៅ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទើបប្រារព្ធពិធីខួបអនុស្សាវរីយ៍២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាអតីតមេបញ្ជាការកងទ័ពជើងគោក។ ក្នុងប្រសាសន៍សំណេះសំណាលរបស់សម្តេច, សម្តេចបានសាទរអំពីការអនុវត្តគោលការណ៍ កងទ័ពជាអ្នកការទូតសន្តិភាព និងបានលើកទឹកចិត្តឲ្យកងទ័ព ជើងគោក បន្តអនុវត្តគោលគំនិតនេះជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេសមិត្តសមាជិកអាស៊ាន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានស្នើមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី គាំទ្រគោគោលគំនិតកិច្ចសហប្រតិបត្តិការ តាមរយៈការបង្កើតយន្តការក្រុមការងារសន្ទនាកងទ័ពជើងគោក ដើម្បីពិភាក្សាអំពីផែនការសមកម្មភាព កិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព ការហ្វឹកហ្វឺនរួមគ្នាជាដើម។

ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ទោ David Neo មេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្នុងការបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀតទៅថ្ងៃអនាគត និងបានថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានគាំទ្រ និងដឹកនាំគណៈប្រតិភូកងទ័ពជើងគោក មកចូលរួមក្នុងកម្មវិធីតាំងពិពណ៌ (Singapore Airshow) ដែលរៀបចំដោយប្រទេសសឹង្ហបុរីនាឱកាសនេះផងដែរ៕