(ភ្នំពេញ)៖ ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារមានសារៈសំខាន់ណាស់សម្រាប់ផ្តល់ប្រាក់ចំណូល និងអាហារូបត្ថម្ភដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ កសិដ្ឋានទាំងនេះប្រឈមមុខនឹងបញ្ហាដោយសារពូជមាន់ក្នុងស្រុកផ្តល់ទិន្នផលទាប និងគ្រប់គ្រងពូជពុំទាន់មានប្រសិទ្ធភាព។ ពូជមាន់ក្នុងស្រុកមាន ៨៤% នៃមាន់នៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេស កម្ពុជាផងដែរ ប៉ុន្តែពួកវាត្រូវបានចិញ្ចឹមក្នុងចំនួនតិចតួចប៉ុណ្ណោះពី ២០-៥០ក្បាល ក្នុង១វដ្តផលិតកម្ម។ មេមាន់ទាំងនេះ ផ្តល់ពងបានត្រឹមតែ ៦០គ្រាប់ក្នុងមួយឆ្នាំ ហើយចិញ្ចឹមដើម្បីដល់ទម្ងន់ទីផ្សារត្រូវចំណាយពេល៦ខែ។ ផ្ទុយទៅវិញ ពូជពាណិជ្ជកម្មមានអាយុពេញវ័យក្នុងរយៈពេល ៦សប្តាហ៍ ហើយពងបានប្រហែល ២៥០-២៧០គ្រាប់ក្នុងមួយឆ្នាំ។

បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់កសិករចិញ្ចឹមមាន់ពូជក្នុងស្រុកគឺអត្រាស្លាប់ខ្ពស់ ជាពិសេសកូនមាន់នៅក្នុងដំណាក់កាលដំបូងនៃផលិតកម្ម។ ផលិតភាពទាបនេះ ជះឥទ្ធិពលលើជីវភាពកសិករចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងកំណត់លទ្ធភាពទទួលបានអាហារប្រូតេអ៊ីនរបស់គាត់។

ក្នុងឆ្នាំ២០២២ អូស្ត្រាលីបានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ ក្នុងស្រុកពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់ កសិករចិញ្ចឹមមាន់នៅប្រទេសកម្ពុជា។

គម្រោងនេះ បានធ្វើការជាមួយកសិករ ក្នុងគោលបំណងអភិវឌ្ឍពូជមាន់ស្គួយ។ កសិករដែលចូលរួមត្រូវបានបណ្តុះបណ្តាលបច្ចេកទេស ក្នុងការគ្រប់គ្រងមេបាពូជមាន់ វិធានការការពារជីវសុវត្ថិភាព បច្ចេកទេសបង្កាត់សិប្បនិម្មិត និងការកត់ត្រាទិន្នន័យក្នុងកសិដ្ឋានបង្កាត់ពូជ។

ក្នុងរយៈពេលមួយឆ្នាំ គម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជនេះត្រូវបានកែលម្អដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃមាន់ស្កួយ បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈពងរបស់វាមានតម្លៃ ០,៣ដុល្លារ។ មេបាពូជរបស់ពូជស្គួយ ត្រូវបានលក់ក្នុងតម្លៃប្រហែល ១៥ដុល្លារក្នុង១ក្បាល។

លោកបណ្ឌិត ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម ដែលជាអ្នកដឹកនាំគម្រោងនេះនៅកម្ពុជា បានថ្លែងថា «គម្រោងកែលម្អពូជមាន់ស្គួយ កំពុងអនុវត្តស្របតាមគោលនយោបាយអភិវឌ្ឍ អនុវិស័យផលិតសត្វ ដោយធ្វើឱ្យប្រសើរឡើងនូវផលិតភាព (ការលូតលាស់ខ្ពស់ និងការផលិតស៊ុតច្រើន) ជាពិសេសធន់នឹងអាកាសធាតុក្នុងស្រុក) ជាពិសេសជួយបំពេញតម្រូវការកើនឡើងនៃសាច់មាន់ស្រែ និងពងមាន់សពូជក្នុងស្រុក ដែលចូលរួមបង្កើនប្រាក់ចំណូលកសិករ»

លោកបានបន្ថែមថា «នៅក្នុងវដ្តនៃគម្រោងនាពេលខាងមុខ ខ្ញុំចង់ឃើញគម្រោងពង្រីកទៅកាន់តំបន់ផ្សេងៗ ដើម្បីឱ្យមានកសិករចិញ្ចឹមមាន់មានពូជ ក្នុងស្រុកល្អៗ សមស្របទាំងក្នុងប្រព័ន្ធផលិតកម្មលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម»

លោកបណ្ឌិត Anna Okello Ann ដែលជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់ ACIAR បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការនៅក្នុងគម្រោងមួយ ដែលពាក់ព័ន្ធ នឹងអ្នកជំនាញបង្កាត់ពូជសត្វជនជាតិអាហ្វ្រិកមកពី ILRI និងអ្នកបច្ចេកទេសក្នុងប្រទេសកម្ពុជា។ នាងបានពន្យល់ពីរបៀប ដែលកិច្ចសហការនេះ អាចនាំទៅដល់ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ជាពិសេសស្ត្រីដែលជាអ្នកចិញ្ចឹមមាន់ផ្ទាល់តែម្តង។

កំឡុងពេលអនុវត្តគម្រោងរយៈពេលមួយឆ្នាំ កសិករ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសបានសហការគ្នាដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗ ដែលយើងអាចមើលឃើគលទ្ធផលជាក់ស្តែងនាថ្ងៃនេះ។ វិធីសាស្រ្តនេះពាក់ព័ន្ធនឹងការចែករំលែកចំណេះដឹង និងធនធានក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ លើកកម្ពស់ការរៀនសូត្រគ្នាទៅវិញទៅមក។ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈ ACIAR យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញប្រទេស កំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា និងបណ្តាប្រទេសអាហ្វ្រិកផ្លាស់ប្តូរចំណេះដឹង និងធនធាន ដែលអាចពន្លឿនការអភិវឌ្ឍន៍របស់ពួកគេ។

លោកបណ្ឌិត Wondmeneh Esatu សមាជិកគម្រោង និងជាអ្នកវិទ្យាសាស្ត្រផ្នែកពន្ធុវិទ្យា និងបង្កាត់ពូជសត្វ នៅវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសមត្ថភាពដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងរបស់គម្រោង។

លោកបានសង្កត់ធ្ងន់លើ ការបំពេញតម្រូវបច្ចេកទេសរបស់ស្ថាប័នដៃគូក្នុងស្រុក ជាពិសេសចំណេះដឹង និងជំនាញចាំបាច់សម្រាប់កសិករចិញ្ចឹមមាន់ ដើម្បីបន្តដំណើរការដោយឯករាជ្យ បន្ទាប់ពីគម្រោងនេះបានបញ្ចប់។