(ស្វាយរៀង)៖ លោក ឌុច វននីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយជ្រំ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

លោកអភិបាលខេត្ត បានថ្លែងថា ថ្ងៃនេះជាពេលវេលាមួយ ដែលមានអត្ថន័យណាស់ដែលពលរដ្ឋនៅភូមិស៊ីការ ឃុំស្វាយយា បានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ មានបណ្ណសរុបចំនួន១,៣៩៧បណ្ណ ហើយនិងឈានទៅសម្រេចតាមផែនការ នៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងឆ្នាំ២០២៥ មានក្បាលដីប៉ាន់ស្មាន ដែលត្រូវចុះបញ្ជីសរុប៣១៨,០០០ក្បាលដី។

លោកអភិបាលខេត្ត បានសំណូមពរដល់អាណាព្យាបាល ត្រូវអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន បងធំ បងតូច ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិយើង។ ម្យ៉ាងទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលគោរពច្បាប់ចរាចរណ៍ ឲ្យត្រឹមត្រូវគ្រប់ៗគ្នា។

បន្ថែមលើសពីនេះ លោក ឌុច វននីតូ បានថ្លែងថា បណ្ណសម្គាល់អចលនវត្ថុដែលបងប្អូនបានទទួលនៅថ្ងៃនេះ អាចយកទៅប្រើប្រាស់ និងចាត់ចែង បានតាមតម្រូវការចាំបាច់ ស្របតាមច្បាប់ ហើយត្រូវទុកដាក់ថែរក្សាឲ្យបានល្អ ជៀសវាងការខូចខាត ឬបាត់បង់ជាដើម៕