(សៀមរាប)៖ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤ ក្នុងក្រុងសៀមរាប គ្រោងនឹងរៀបចំឡើងនៅចុងខែកុម្ភៈនេះ។ ព្រឹត្តិការណ៍នេះដែរ ធ្វើឡើងដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ និងបរិស្ថាន ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំដល់សាធារណជនឲ្យកាន់តែទូលំទូលាយ។

លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅ របស់គម្រោងតុក្កតាយក្ស បានឲ្យដឹងថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤ ក្នុងក្រុងសៀមរាប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៦ កន្លះល្ងាច។ លោកបន្តថា ឆ្នាំ២០២៤នេះ មានតុក្កតាយក្សចំនួន៩ធំៗ ជាប្រភេទសត្វដាយណូស័រ ដែលមានទំហំធំៗ និងមានប្រវែង១៥ម៉ែត្រទៅ២០ម៉ែត្រ និងកំពស់រហូតដល់១០ម៉ែត្រ ដែលកំពុងតំឡើងដោយក្រុមកុមារប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ចូលរួមផងដែរ។

ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ ក្នុងន័យលើកស្ទួយសិល្បៈបែបសូន្យរូប ឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ បានឃើញនឹងស្គាល់រូបសំណាក់បុគ្គលល្បីៗ ឬរូបសត្វកម្រៗជាច្រើន ដើម្បីថែរក្សាការពារ និងអភិរក្សសត្វកម្រៗជិតផុតពូជ ឬកំពុងតែទទួលរងគ្រោះទាំងនោះ ព្រមទាំងបង្ហាញអំពីការរួបរួមសាមគ្គីគ្នារវាងកុមារៗជាច្រើននាក់ មកពីសាលារៀន ឬអង្គការដៃគូរមួយចំនួន ក្រោមការដឹកនាំរបស់ក្រុមសិល្បៈករ។

លោក អ៊ុន សាវ៉ាន់ បានបន្តថា ក្រុមការងារ និងកុមារអ្នកស្ម័គ្រចិត្តទាំងអស់ បានចាប់ផ្តើមដំឡើងរូប តាំងពីដើមខែកុម្ភៈមក ដោយរូបតុក្កតាយក្សមួយ ចំណាយពេល៣ថ្ងៃ និងកម្លាំងមនុស្សចំនួន៦០នាក់ ឬក៏លើសនោះ។ លោកសង្ឈឹមថា ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤នេះ និងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករផងដែរ។

លោក អ៊ុន សាវ៉ាន់ បានបន្តទៀតថា មុនដំឡើងបានឆ្លងកាត់ការរចនា គិតគូរ ស្រាវជ្រាវពីសិល្បៈករ និងអ្នកដឹកនាំ ពីប្រភេទសត្វទាំងអស់នឹងរួច ទើបក្មេងៗសិស្សានុសិស្ស គាត់រៀបចំធ្វើ។ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សប្រចាំឆ្នាំ២០២៤នេះ នឹងដង្ហែពីវត្តដំណាក់ទៅសួនច្បារមាត់ស្ទឹងខាងមុខព្រះរាជដំណាក់ នឹងបានសហការជាមួយក្រសួងពាណិជ្ជកម្ម ដោយថ្ងៃនោះដែរ ក្រសួងក៏មានរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងបន្លែ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ដោយប្រើប្រាស់ទីតាំងជាមួយគ្នា ដើម្បីធ្វើឲ្យខេត្តសៀមរាប កាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តជាច្រើនផងដែរ។

លោកបានបញ្ជាក់ថា ការរៀបចំសូន្យរូប និងដំឡើងរូប ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តដំណាក់ក្នុងក្រុងសៀមរាប ដោយគ្រោងនឹងរៀបចំការដង្ហែ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ខាងមុខនេះ ចេញពីវត្តដំណាក់ ឆ្វែលជុំវិញរួចហើយយកទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់ នឹងទុករយៈពេល ៥ថ្ងៃ ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ថតរួបទុកធ្វើជាអនុស្សាវរីយ៍។ សម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១៣ហើយ ដែលគម្រោងដំឡើង និងដង្ហែរតុកុតាយក្សជាប្រចាំឆ្នាំ ដោយមានការចូលរួម និងគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទើបមានព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សប្រចាំឆ្នាំនេះឡើងផងដែរ៕