(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ព្រមទាំងមានការសម្រប សម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការបង្ហាញមុខសញ្ញាក្រុមចោរ៧នាក់ ដែលតែងតែធ្វើសកម្មភាពប្រើ កាំបិតដាវសាំម៉ូរ៉ៃកាប់ប្លន់ យ៉ាងសកម្មដើម្បីយកម៉ូតូ ទូរស័ព្ទនិងគ្រឿងអលង្ការផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនឈានទៅបង្ក្រាប និងក្រោយបង្ក្រាបក្រុមចោរទាំងនេះ បានធ្វើសកម្មភាពគ្រប់រូបភាព និងជាច្រើនករណី ដោយប្រើកាំបិតដាវសាំម៉ូរ៉ៃកាប់ភ្ជង់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋយ៉ាងសកម្ម ។
លោក ទៀង ច័ន្ទសារ បន្តថា សកម្មភាពដែលក្រុមជនសង្ស័យបានប្រព្រឹត្តកន្លងមក ដោយករណីទី១-កាលពីថ្ងៃទី៥ សីហា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយប្រើដាវដដែល ដើម្បីកាប់ភ្ជង់ប្លន់ យកម៉ូតូម៉ាក Next ១គ្រឿង ពីជនរងគ្រោះបាន សម្រេចស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងករណីទី ២-នៅយប់ថ្ងៃទី២២ សីហា ក្រុមជនសង្ស័យ បានបន្តសកម្មភាព ប្រើដាវសាំម៉ូរ៉ៃ កាប់ភ្ជង់ប្លន់ យកម៉ូតូពីជនរងគ្រោះបានសម្រេច ១គ្រឿងទៀត នៅចំណុចផ្ទះបុរីអង្គរភ្នំពេញ ស្ថិតក្នុងសង្កាត់ទួលសង្កែ ករណីទី-យប់ថ្ងៃទី២៣ សីហា ក្រុមជនសង្ស័យនៅតែបន្ត សកម្មភាព ដោយប្រើដាវប្លន់ យកម៉ូតូស្មាស់ ១គ្រឿងទៀត ពីជនរងគ្រោះបានសម្រេចនៅចំណុច កាំកូស៊ីធី ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងករណីទី៤-នៅយប់ទាបភ្លឺថ្ងៃទី២៧ សីហា ក្រុមជនសង្ស័យបាន ធ្វើសកម្មភាព ប្រើដាវកាប់ភ្ជង់ប្លន់យកម៉ូតូViva ១គ្រឿងទៀត ពីជនរងគ្រោះ ដែលកំពុងឈប់ចាក់សាំងនៅស្ថានីយ៍ ប្រេងតេលាមួយកន្លែង ក្នុងសង្កាត់ទួលសង្កែ ករណីទី៥-នៅយប់រំលងអាធ្រាទ្រថ្ងៃទី២ ៨ សីហា ក្រុមជនសង្ស័យនៅតែបន្តសកម្មភាពដោយជិះម៉ូតូ២គ្រឿង មានបក្ខពួក៦នាក់បានធ្វើសកម្មភាពប្លន់យកម៉ូតូ Honda Dream C125 មួយគ្រឿងទៀត ពីជនរងគ្រោះបានសម្រេច និងករណីទី៦-កាលពីថ្ងៃទី៣០ សីហា រំលងអាធ្រាត ក្រុមជនសង្ស័យទាំងនេះ បានសហការ គ្នាធ្វើសកម្មភាពប្រើដាវភ្ជង់ ប្លន់យកទូរស័ព្ទពីជនរងគ្រោះជាស្ត្រីម្នាក់ នៅចំណុចផ្លូវបណ្ឌិតម៉ុងរិទ្ធី ស្ថិតក្នុងក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ។
លោកអធិការ បញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាល តាមបណ្ដាប៉ុស្ដិ៍ទាំង៦ ក្នុងមូលដ្ឋាន ដោយវាយលុកចំសំបុកតែម្ដង នៅម៉ោង១យប់ថ្ងៃទី៣០ សីហានេះ ក្រុមជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ បានចេញមកធ្វើសកម្មភាពម្ដងទៀត ដោយប្រើដា វកាប់ប្លន់យកម៉ូតូToday១គ្រឿង និងទូរស័ព្ទដៃ ពីជនរងគ្រោះជាស្ត្រីម្នាក់ បានសម្រេចនៅក្បែររង្វង់មូល កាំកូស៊ីធី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ក្នុងនោះកម្លាំងជំនាញ ដកហូតបានម៉ូតូ និងទូរស័ព្ទ យកមកប្រគល់ជូនជនរងគ្រោះវិញ នៅយប់នោះផងដែរ បន្ទាប់ពីកើតហេតុ។
លោកបន្ថែមថា ក្រោយឃាត់ខ្លួន ជនសង្ស័យបាន២នាក់ ដើម្បីបន្តស្រាវជ្រាវ និងសួរនាំពីសកម្មភាពរួមមក ប៉ុន្មានម៉ោង ក្រោយក៏បានតម្រុយខ្លះៗ ទើបសម្រេចបើកប្រត្តបត្តិការ ជាថ្មីម្ដងទៀត ទាំងយប់រហូតដល់ម៉ោងជិត ៣ទៀបភ្លឺ កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ ទីតាំងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ដែលជាជម្រកស្នាក់នៅ របស់បក្ខពួកក្រុមជន សង្ស័យប្រមូលផ្ដុំគ្នា ដើម្បីធ្វើសកម្មភាពផ្សេងៗ និងប្រើប្រាស់គ្រឿងញៀន ដោយជាលទ្ធផលសម្រេចឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យបន្ថែមទៀត ដកហូតបានរថយន្ដLand Cruiser១គ្រឿង និងកាំបិតដាវ សាំម៉ូរ៉ៃ៩ដើម។ ក្រោយមកកម្លាំងនគរបាលបាន ឈានដល់ការឡោមព័ទ្ធទី តាំងទទួលផលចោរកម្មមួយកន្លែងទៀត ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ដែលទីតាំងមួយនេះ បានទទួលប្រយោជន៍ ពីបក្ខពួកក្រុមចោរដែលតែងតែ ធ្វើសកម្មភាពកាប់ប្លន់ បានសម្រេចហើយ យកមកលក់ដូរ ឫបញ្ចាំនៅទីនេះ ដោយជាលទ្ធផល កម្លាំង សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន ម្ចាស់ទីតាំងដើម្បីបន្តសួរនាំ និងដកហូតម៉ូតូពាក់ព័ន្ធករណី ទទួលផលចោរកម្មជាច្រើនគ្រឿងផងដែរ។
លោកអធិការបានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១-ឈ្មោះ សុភាព វិសាល ហៅកូកា អាយុ១៩ឆ្នាំ និងទី២-ឈ្មោះ សូ វណ្ណះ អាយុ២១ឆ្នាំ ទី៣-ឈ្មោះមុន្នី ស៊ីសុ វ៉ាត់ អាយុ១៨ឆ្នាំ ទី៤-ឈ្មោះ ថាន់ ថងថាំង អាយុ ២៩ឆ្នាំ ទី៥-ឈ្មោះ អ៊ុន ហ៊ោ អាយុ២០ឆ្នាំ ទី៦-ឈ្មោះ ថុន សុជាតិ អាយុ១៨ឆ្នាំ និងទី៧-ឈ្មោះ សុខ វ៉ា អាយុ៤៥ឆ្នាំ។
ក្រោយបង្ហាញមុខ ក្រុមជនត្រូវសង្ស័យទាំង ៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាល ខណ្ឌឫស្សីកែវ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕