(ព្រៃវែង)៖ មានគ្រោះអគ្គីភ័យឆាបឆេះអស់ផ្ទះក្បឿង១ខ្នង ស្មើនឹង៣ល្វែងដោយសារឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះមិននៅបានបណ្តាលឲ្យខូចខាតសម្ភារអស់ជាង២ម៉ឺនដុល្លារ។ ករណីគ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះជាប្រភេទផ្ទះឈើប្រក់ក្បឿងមានចំនួន៣ ល្វែងទំហ៊ំបណ្ដោយ១២ ម៉ែត្រនិងទទឹង៨ ម៉ែត្រដែលមានម្ចាស់ផ្ទះឈ្មោះមុត មាន អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ ឆែម មុំ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យខូចខាតសម្ភាររួមមាន៖ ផ្ទះ១ខ្នង៣ល្វែង ឆេះទាំងស្រុង លុយចំនួន៦០ លានរៀល គ្រែប្រអប់មួយ ទូរទឹកកក១ សរុបទឹកប្រាក់ប្រហែល ២៧.៥០០ដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែរភ្លើង) នៅក្នុងផ្ទះ ហើយពេលភ្លាមៗម្ចាស់ផ្ទះមិននៅ ទើបគ្មានអ្នកណាដឹង រហូតទាល់តែភ្លើងឆេះពេញបន្ទុក ទើបអ្នកជិតខាងដឹង ប្ដឹងមកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់អស់ជាច្រើនឡានទើបរលត់ទាំងស្រុងបាន។ ទោះបីជាយ៉ាងណានៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ ពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕